(ភ្នំពេញ)៖ ​លោក​ គង់​ មករា​ ប្រធាន​មន្ទីរ​រ៉ែ ​និង​ថាមពល​ខេត្ត​ព្រះ​វិហារ​ និង​បក្ខពួក​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ បញ្ជូន​មក​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ នៅ​ព្រឹក​ថ្ងៃ​ទី​៣​ ខែ​វិច្ឆិកា​ ដើម្បី​សាកសួរ​ករណី​ប្រព្រឹត្ត​អំពើពុករលួយ​លក់​ទ្រព្យ​សម្បត្តិ​រដ្ឋ​ ។​ មន្ត្រី​ ACU មិន​ធ្វើ​អត្ថាធិប្បាយ​ជាមួយ​អ្នក​សារព័ត៌មាន​នោះ​ទេ​ ខណៈ​បញ្ជូន​ជនសង្ស័យ​ទាំង​ពីរ​នាក់​មក​តុលាការ​។

ព័ត៌មាន​ច្បាស់​ការណ៍​បង្ហើប​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​លោក​ ងិន​ ពេជ​ ព្រះ​រាជ​អាជ្ញា​រង ​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។

ជាមួយគ្នានេះ មន្រ្តីសាលាខេត្តព្រះវិហារម្នាក់បានលួចបង្ហើបថា ករណីនេះអាចជាប់ពាក់ព័ន្ធ ការលក់ដីមន្ទីរនៅក្នុងខេត្ត ប៉ុន្តែរឿងនេះដូចជាយូរហើយ តាំងពីក្រសួងមិនទាន់បំបែកនៅឡើយ។

សូមជំរាបថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានកោះហៅ លោក គង់ មករា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ​ មកសួរនាំកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ប៉ុន្តែនៅពេលនេះត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការតែម្តង។

ប៉ុន្តែទោះជាយ៉ាងណា Fresh News មិនទាន់អាចទាក់ទងសុំព័ត៌មាន បន្ថែមពីអង្គភាពប្រឆាំងអំពើពុករលួយបានភ្លាមៗនៅឡើយ៕