(កំពង់ចាម)៖ បន្ទាប់ពីការប្រកួតរយៈពេល ៥ថ្ងៃ គេបានរកឃើញហើយកីឡាករ កីឡាការិនីហែលទឹក ដែលទទួលបានមេដាយច្រើនជាងគេ គឺក្រុមកីឡាករ កីឡាការិនីមកពីក្រសួងមហាផ្ទៃ ហើយក្រុមកីឡាករ កីឡាការិនីមកពីរាជធានីភ្នំពេញឈរនៅលំដាប់ទី២។

ការប្រកួតលើវិញ្ញាសារហែលទឹកក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាលើកដំបូងនៅកម្ពុជា ត្រូវបានធ្វើឡើងនៅមណ្ឌលកីឡាហែលទឹកតេជោសែន ស្ថិតក្នុងខេត្តកំពង់ចាម។ ការប្រកួតបានចាប់ផ្តើមកាលពីថ្ងៃទី២៩ ខែតុលា ហើយត្រូវបានបិទបញ្ចប់នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

ការប្រកួតលើវិញ្ញាសារហែលទឹកនេះ មានកីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ៤៦នាក់ មកពីក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ កោះកុង និងខេត្តកំពង់ចាម។ ជាលទ្ធផល នៃការប្រកួតរយៈពេល ៥ថ្ងៃនេះ ក្រុមកីឡករ កីឡាការិនីមកពីក្រសួងមហាផ្ទៃដណ្តើមមេដាយបានច្រើនជាងគេ។

 ក្រុមកីឡាករ កីឡាការិនីក្រសួងមហាផ្ទៃដណ្តើមបានមេដាយសរុប ១៩គ្រឿង ក្នុងនោះមាស ១៤គ្រឿង ប្រាក់ ០៣គ្រឿង និងសំរិទ្ធ ០២គ្រឿង។ ក្រុមកីឡាករ កីឡាការិនី មកពីរាជធានីភ្នំពេញទទួលបានមេដាយ សរុប ១៦គ្រឿង មាស ០៤គ្រឿង ប្រាក់០៧គ្រឿង និងសំរិទ្ធ ០៥គ្រឿង។ ក្រុមកីឡាករ កីឡាការិនីមកពីខេត្តកោះកុង  បានមេដាយសរុប១១គ្រឿង ប្រាក់ ០៥គ្រឿង និង សំរិទ្ធ ០៦គ្រឿង។

ដោយឡែកក្រុមកីឡាករ កីឡាការិនីខេត្តកំពង់ចាម ទទួលបានមេដាយតិចជាងគេ គឺបានត្រឹមតែ ៨គ្រឿងប៉ុណ្ណោះ ក្នុងនោះប្រាក់ ០៣ គ្រឿង និង សំរិទ្ធ ០៥គ្រឿង។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួត និងបំពាក់មេដាយដល់កីឡាករ កីឡាការិនី លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហភាពសហព័ន្ធកីឡាហែលទឹកកម្ពុជា បានបង្ហាញការអបអរសាទរចំពោះការ ប្រកួតកីឡាជាតិលើកទី១ លើវិញ្ញាសារហែលទឹក ដែលត្រូវបានបិទបញ្ចប់ប្រកបដោយភាពល្អប្រសើរ។

លោកទេសរដ្ឋមន្រ្តី ក៏បានជំរុញ និងលើកទឹកចិត្តឲ្យកីឡាករ កីឡាការិនីហែលទឹកកម្ពុជា ប្រឹងប្រែងបង្កើនសមត្ថភាពត្រៀមចូលរួមប្រកួត ប្រជែងកីឡាស៊ីហ្គែមនាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដើម្បីដណ្តើមមេដាយជូនជាតិឲ្យបានកាន់តែច្រើន។

សូមបញ្ជាក់ថា កីឡករ កីឡាការិនី ដែលដណ្តើមបានមេដាយមាសទទួលបានប្រាក់ឧបត្ថម្ភសរុប ៣៥ម៉ឺនរៀល មេដាយប្រាក់បាន ២៥ម៉ឺនរៀល និងសំរិទ្ធ ១៨ម៉ឺនរៀល។ ដោយឡែកកីឡាករ មិនទទួលបានមេដាយទទួលបានការឧបត្ថម្ភម្នាក់ៗ ៥ម៉ឺនរៀល។ លោក ស៊ុន ចាន់ថុល ក៏បានឧបត្ថម្ភដល់គណៈកម្មការរៀបចំការប្រកួត ៥លានរៀល និងសហព័ន្ធកីឡាហែលទឹក ៥លានរៀលផងដែរ៕