(ភ្នំពេញ)៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP), សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) និងក្រុមហ៊ុន Huawei នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦នេះ  បានចុះអនុស្សារណៈយោគយល់គ្នាមួយ ដើម្បីផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិតកម្ពុជា ទៅសិក្សានៅក្នុងប្រទេសចិន។ អាហារូបករណ៍នេះជាគម្រោង ក្រុមហ៊ុន Huawei នឹងផ្តល់តាមរយៈ ស.ស.យ.ក និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រយៈពេល០៣ឆ្នាំ ក្នុងការអភិវឌ្ឍប្រព័ន្ធអប់រំតាមបែបអេឡិចត្រូនិច និង សម្បាទាបច្ចេកទេសវិទ្យាសារគមនាគមន៍។

អនុស្សារណៈយោគយល់គ្នាធ្វើឡើងរវាង លោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ហ៊ុន​ ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង លោក Lyu Qing Chen អគ្គនាយកប្រតិបត្តិក្រុមហ៊ុនHuawei ដោយមានការចូលរួមពី លោក Xiong Bo ឯកអគ្គរាជទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និងលោកស្រី Zhao Yuan នាយិកាខាងផ្នែក CSR Project នៃគម្រោង «គ្រាប់ពូជដើម្បីអនាគត»។

លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក  បានសម្តែងការស្វាគមន៍ចំពោះវប្បធម៌ចែករំលែកដល់យុវជនកម្ពុជារបស់ក្រុមហ៊ុន Huawei ដែលបានផ្តល់ឱកាសបណ្តុះបណ្តាលដល់ យុវជនកម្ពុជា ចំនួន៣០រូប នៅប្រទេសចិន ក្រោមគម្រោង«គ្រាប់ពូជដើម្បីអនាគត»។ គម្រោងនៃការបណ្តុះបណ្តាលនេះ អាចធ្វើឲ្យយុវជនកម្ពុជា ទទួលបានចំណេះដឹង ផ្នែកបច្ចេកវិទ្យាព័ត៌មាន ដើម្បីក្លាយជាធនធានមនុស្ស ដ៏សំខាន់សម្រាប់កម្ពុជានាពេលអនាគត។

លោក ជាត ជាលី សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា កិច្ចសហប្រតិបត្តិការថ្មីនាពេលនេះ នឹងចូលរួមចំណែក យ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សិក្សាធិការ ជាពិសេសការអប់រំតាមរយៈប្រព័ន្ធអេឡិចត្រូនិច និងសម្បទាបច្ចេកទេសវិទ្យាសារគមនាគមន៍ ដែលវិធីសាស្រ្តថ្មីនេះ នឹងអនុញ្ញាតឲ្យនិស្សិតទទួលបានការអប់រំចម្ងាយ និងអាចចែករំលែកធនធានសិក្សាបាន យ៉ាងងាយស្រួលរវាងគ្នានិងគ្នា។ លោកបន្ថែមថា ការចុះអនុស្សារណៈយោគយល់គ្នាក៏ជាការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន ក្នុងស្រុកដើម្បីទទួលបានផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក និងដើម្បីផ្លាស់ប្តូរវប្បធម៌គ្នារវាងយុវជនចិន និងយុវជនកម្ពុជាផងដែរ។

លោក Lyu Qing Chen អគ្គនាយកប្រតិបត្តិក្រុមហ៊ុនHuawei បានលើកឡើងថា ក្រុមហ៊ុន Huawei នឹងបន្តបំពេញកាតព្វកិច្ចសង្គម ហើយនឹងខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍន៍ខាងវិស័យអប់រំតាមប្រព័ន្ធអេឡិចត្រូនិច នៅក្នុងប្រទេសកម្ពុជា ​ជាបន្តបន្ទាប់ទៅថ្ងៃអនាគត។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Huawei បានសហការជាមួយក្រសួងផ្សេងៗ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់សេវាកម្មនានា និងបានជួយវិស័យសង្គម ជាច្រើនផងដែរ។

សរុបជារួម លោក Xiong Bo ឯកអគ្គរាជទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានវាយតម្លៃជាវិជ្ជមានសម្រាប់គម្រោងទាំងឡាយ ដែលនឹងកើតឡើងក្រោយការចុះអនុស្សារណៈនេះ។ លោក Xiong Bo បានបញ្ជាក់ថា យុវជនគឺជាអនាគតរបស់ជាតិ ហើយក៏ជាកម្លាំងយ៉ាងធំនៅក្នុងសហគមន៍កម្ពុជាផងដែរ។ តាមរយៈគម្រោង «គ្រាប់ពូជដើម្បីអនាគត» លោក សង្ឃឹមថា យុវជនកម្ពុជា នឹងអាចដើរទាន់សម័យជាមួយការវិវត្តន៍ថ្មីៗខាងផ្នែកបច្ចេកវិទ្យាសារទូរគមនាគមន៍ចំណេះដឹងថ្មីៗជាដើម។

គួរបញ្ជាក់ថា ក្រោយពីការចុះអនុស្សារណៈយោគយល់គ្នាជាលើកទី១ នាពេលនេះ ក្រុមហ៊ុន Huawei និងសហការជាមួយ ស.ស.យ.ក ជ្រើសរើសបេក្ខភាពយុវជន ដែលមានសមត្ថភាព ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលនាពេលខាងមុខ ហើយក្រុមហ៊ុន Huawei ក៏នឹងចូលរួមជាមួយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ធ្វើការស្ទង់មតិរួមគ្នា ដើម្បីសាកល្បងប្រព័ន្ធអប់រំអេឡិចត្រូនិចពីចម្ងាយមួយ មុននឹងឈានដល់ការពង្រីកការអប់រំតាមប្រព័ន្ធថ្មី ក៏ដូចជាការអនុវត្តគម្រោងអភិវឌ្ឍន៍ ខាងវិស័យបច្ចេកវិទ្យាសារគមនាគមន៍៕