(ភ្នំពេញ)៖ លោក គួច​ ចំរើន​ អភិបាលខណ្ឌដូនពេញ បានប្រកាសចាត់វិធានការបង្ក្រាបបញ្ហា​ល្បែងសីុសង គ្រប់ប្រភេទ និង​គ្រឿងញៀន នៅតាមមូលដ្ឋានកាន់តែខ្លាំងឡើង ដោយគ្មានការលើកលែង និងលួងលោមនោះទេ។

ការលើកឡើងបែបនេះធ្វើឡើង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ​នៅសាលាខណ្ឌដូនពេញ វេលាម៉ោង ១៥៖០០នាទី រសៀលថ្ងៃទី០២​ ខែវិច្ឆិកា​ ឆ្នាំ២០១៦​នេះ ដោយមានការចូលរួមពី អធិការ​នគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធខណ្ឌ​ ចៅសង្កាត់រង​ទាំង១១ មេប៉ុស្តិ លោកលោកស្រីប្រធានផ្សារទាំង៣ និងមន្ត្រីជាច្រើនរូបទៀត។

លោក គួច​ ចំរើន​ អភិបាលខណ្ឌដូនពេញ​ បានឲ្យដឹងថា ពីបញ្ហាល្បែងស៊ីសង​គ្រឿងញៀននៅក្នុងមូលដ្ឋាននឹងមានវិធានការទប់ស្កាត់ ដូចការលើកឡើងរបស់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីប៉ុន្មានថ្ងៃមុននេះ។

លោកបានបញ្ជាក់បន្ថែមថា កន្លងមកកម្លាំងយើងបានអនុវត្តន៍ ហើយ​តែនៅសេសសល់ គឺមានតែការ​ «បង្ក្រាប»​តែម្តងគឺគ្មានការលួងលោមទេ ។

ជាមួយគ្នានេះលោក ហ៊ួត​ ចាន់យ៉ារ៉ាន់​ អធិការខណ្ឌដូនពេញ បានលើកឡើងពីផែនការណ៏បង្ក្រាបល្បែងស៊ីសង​ ខុសច្បាប់ ដោយលោកបានបញ្ជាក់ថា យើងត្រូវខិតខំបង្ក្រាបឆ្នោត​(កន្ទុយលេខ)​ ដែលជ្រកក្រោមឆ្នោតស្របច្បាប់ ហើយការងារឆ្នោតនេះត្រូវសហការជាមួយអ្នកដែលពាក់ពន្ធ័​ជាមួយកម្លាំងប៉ុស្តិ៍។

ដោយឡែកលោក​ ថោង​ ពិសិដ្ឋ​ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ​បានឲ្យដឹងថា​ ​ឆ្នោតមានពីរ៖ ទី១-ឆ្នោតខ្មែរ(មានឆ្នោតយួនជ្រកក្នុងនោះ) និងទី២-ឆ្នោតយួន តែដោយឡែកបញ្ហាគ្រឿងញៀន​ ជា​បទល្មើសអន្តរជាតិគឺ​ប្រទេសច្រើននៅលើពិភពលោក​ ហើយគ្រឿងញៀននេះគឺគាត់តែងតែទទួលបានផ្ទាល់ពី លោកអភិបាលតែ​មូលដ្ឋានហាក់បីដូចជាមិនអើពើពីបញ្ហានេះ៕