(កំពង់ចាម)៖ លោក ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកស្ម័គ្រចិត្ត បានចូលរួមក្នុងពិធីបិទការប្រកួតកីឡាហែលទឹក នៅមជ្ឈមណ្ឌលកីឡាហែលទឹក តេជោសែន ខេត្តកំពង់ចាម ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី១ ឆ្នាំ២០១៦ ជាប្រវត្តិសាស្រ្ត។

ខេត្តកំពង់ចាម ទីកន្លែងទី២ ក្នុងការប្រកួតកីឡាជាតិ លើកទី១ សម្រាប់ប្រភេទកីឡាហែលទឹកនេះ ក្រៅពី១៤ប្រភេទកីឡាផ្សេងទៀតដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ ពិសេសក្នុងពហុកីឡដ្ឋានជាតិ និងសាលាបាល់ទាត់ជាតិបាទី ខេត្តតាកែវ។

សម្រាប់ប្រភេទកីឡាហែលទឹកនេះ មានកីឡាករ-កីឡាការិនីចំនួន ៣៣នាក់ចូលរួមប្រកួតប្រជែងដណ្តើមយកមេដាយ លើ៤វិញ្ញាសារួមមាន វិញ្ញាសាហែល ៥០ម៉ែត្រសេរី ១០០ម៉ែត្រ របៀបកង្កែប ១០០ម៉ែត្រ របៀបមេអំបៅ និងហែល ចម្ងាយ ១០០ X ៤ ហែល៤របៀបបណ្តាក់ មុនពិធីបិទការប្រកួតផ្លូវការនារសៀលថ្ងៃពុធ ទី២ ខែវិច្ឆិកានេះ ក្រោមអធិបតីភាពទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកស្ម័គ្រចិត្ត។

គួរបញ្ជាក់ថា ប្រភេទកីឡាហែលទឹក គឺជាប្រភេទកីឡាទី៧ ដែលបានបញ្ចប់ការប្រកួតជាស្ថាពរក្នុងព្រឹត្តិការណ៍កីឡា ជាតិជាប្រវត្តិសាស្រ្ត ខណៈ៦ប្រភេទកីឡាទៀតរួមមាន កីឡាវាយកូនឃ្លីលើតុ តេក្វាន់ដូ ប៉េតង់ កាយសម្ព័ន្ធ វាយសី និង កីឡាសូរិនហ្ស៊ិកាំប៉ូ៕