(បន្ទាយមានជ័យ)៖ ភាគីកម្ពុជា-ថៃ បានឯកភាពគ្នាថា ក្នុងករណីមានជនល្មើសលួចឆ្លងដែន ហើយបានប្រព្រឹត្តខុសច្បាប់ ត្រូវរកវិធីដើម្បីឃាត់ខ្លួន រួចធ្វើការណែនាំ ជៀសវាងប្រើប្រាស់អំពើហិង្សា ដាច់ខាតត្រូវតែអនុវត្តទៅតាមផ្លូវច្បាប់របស់ប្រទេសនីមួយៗយ៉ាងម៉ឺងម៉ាត់ និងផ្ដល់យុត្ដិធម៌ ដោយមិនត្រូវធ្វើការបាញ់សម្លាប់ក្រៅប្រព័ន្ធច្បាប់ឡើយ។

​ការឯកភាពនេះ ត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំរវាងនាយកដ្ឋានកិច្ចការព្រំដែន កងទ័ពភូមិន្ទថៃ និងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងការទប់ស្កាត់ បទល្មើសឆ្លងដែននានា តាមបណ្តោយព្រំដែនថៃ-កម្ពុជា ​នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ នា​សណ្ឋាគារឥណ្ឌូចិន ខេត្តស្រះកែវ ប្រទេសថៃ។

កិច្ចប្រជុំនេះ ភាគីថៃដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ខាំរុន ឃៀវិចយាចេន នាយក នៃនាយកដ្ឋានកិច្ចការព្រំដែន កងទ័ពភូមិន្ទថៃ រីឯភាគីកម្ពុជា ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ នាយកទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងមានការចូលរួម ពីតំណាងស្ថាប័នពាក់ព័ន្ធមួយចំនួននៃភាគីទាំងពីរ។​

ឆ្លងតាមកិច្ចប្រជុំភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់ពីសភាពការណ៍បច្ចុប្បន្ន តាមបណ្តោយព្រំដែនថៃ-កម្ពុជា និងធ្វើ​ការកត់សំគាល់នូវរាល់សកម្មភាពល្មើសច្បាប់ទាំងឡាយ ដែលនៅតែកើតមានឡើងជាបន្តបន្ទាប់ ដូចជាការឆ្លងដែនលួចកាប់ឈើខុសច្បាប់ ការចរាចរគ្រឿងញៀន ការជួញដូរមនុស្ស ការនាំ​ពលករឆ្លងដែនខុសច្បាប់ និងរាល់សកម្មភាពឆ្លងដែន ខុសច្បាប់ផ្សេងៗ។

បន្ថែមពីនេះ ភាគីទាំងពីរ គាំទ្រឲ្យមានការអនុវត្តនីតិវិធី ក្នុងការឆ្លងដែនទៅតាមគោលការណ៍អន្តរជាតិ និងស្រប​ទៅតាមកិច្ចព្រមព្រៀង នៃការធ្វើដំណើរឆ្លងដែន ជួយផ្តល់ភាពងាយស្រួល ដល់ការបញ្ជូនអ្នកជំងឺសង្គ្រោះបន្ទាន់ ឈរលើគោលការណ៍មនុស្សធម៌ ហើយអាចបញ្ជូនទៅដល់មន្ទីរពេទ្យនៅក្នុងខេត្ត ជាប់ព្រំដែន។ ដំណើរការឡើងវិញនូវ គណៈកម្មាធិការរក្សាសន្តិភាពព្រំដែនទូទៅ (BPKC) កម្ពុជា-ថៃ ដែលបានអាក់ខានចាប់ពីឆ្នាំ២០០៤ មកផងដែរ។

ភាគីទាំងពីរ បានឯកភាពផ្តល់ការទុកចិត្តគ្នាទៅវិញទៅមក ដើម្បីជំរុញឲ្យមានសន្តិភាព ស្ថិរភាព នៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ ហើយក្នុងករណីមានបទល្មើស នៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវទំនាក់ទំនងគ្នា ដោះស្រាយ ដោយសន្តិវិធីក្នុងស្មារតីមិត្តភាព កិច្ចសហប្រតិបត្តិការជិតស្និទ្ធ។

ជាងនេះទៅទៀត ភាគីទាំងពីរ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ និងបង្រ្កាបសកម្មភាព ល្មើសច្បាប់ព្រំដែនរួមមាន ការជួញដូរអាវុធជាតិផ្ទុះ ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការនាំមនុស្សឆ្លងដែនខុសច្បាប់ ការលួចកាប់ឈើ ការនាំទំនិញគេចពន្ធ និងការផ្លាស់ប្តូរព័ត៌មាន ដែលទាក់ទងទៅនឹងឧក្រិដ្ឋកម្មគ្រឿងញៀន កន្លែងផលិត ផ្លូវឆ្លងកាត់ ខ្សែរយៈជួញដូរ ទប់ស្កាត់ ការនាំសារធាតុគីមីឆ្លងកាត់ដើម្បី យកមកផលិតគ្រឿងញៀន ដើម្បីពង្រឹងភូមិ-ឃុំ មានសុវត្ថិភាព (ភូមិស ជាភាសាថៃ) និងជួយទប់ស្កាត់ការហូរចូលគ្រឿងញៀន និងសារធាតុផ្សំតាមជួរបណ្តា ប្រទេសស្ថិតក្នុងអនុតំបន់ ទន្លេមេគង្គ។

ភាគីកម្ពុជា-ថៃ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ ប្រឆាំងការជួញដូរមនុស្ស និងរត់ពន្ធមនុស្សដោយឯកភាព ពង្រឹងសមត្ថកិច្ចប្រចាំច្រកទ្វារព្រំដែន បង្កើនការសហការត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់ដើម្បីការពារ និងទប់ស្កាត់ប្រជាជនទាំងពីរភាគី កុំឱ្យធ្លាក់ទៅក្នុងគោលដៅជួញដូរមនុស្ស និងកុមារ។ គាំទ្រដល់កិច្ចសហប្រតិបត្តិការលើវិស័យសកម្មភាពមីន រវាងមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនថៃ និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីធ្វើការបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាមក្នុងភូមិសាស្ត្រ ដែលបានកំណត់ឲ្យធ្វើការបោសសម្អាត។

ជាចុងបញ្ចប់ ភាគីទាំងពីរ បានឯកភាពលើការគ្រប់គ្រងពលករកម្ពុជា ដែលចូលមក ធ្វើការក្នុងប្រទេសថៃទាំងស្របច្បាប់ និងខុសច្បាប់ គឺអនុវត្តទៅតាមនិតិវិធីច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តដែលបានធ្វើកន្លងមកពាក់ព័ន្ធការលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ កម្ពុជា ដើម្បីឲ្យពលករទទួលបាននូវការគ្រប់គ្រង់សិទ្ធ និងសុវត្ថិភាព មិនឲ្យមានការកេងប្រវ័ញ្ច កម្លាំងពលករ និងធ្លាក់ចូលទៅជាការជួញដូរមនុស្ស ក្នុងវិស័យពលករព្រមទាំង បានឯកភាពផ្លាស់ ប្តូរព័ត៌មាន ពាក់ព័ន្ធដែលទាក់ទងទៅនឹងការបញ្ជូនជនទេសន្តរប្រវេសន៍ខុសច្បាប់ឲ្យត្រឡប់មក ប្រទេសដើមវិញ។

បន្ទាប់ពីកិច្ចប្រជុំពិភាក្សារួច ភាគីកម្ពុជា-ថៃ បានចុះត្រួតពិនិត្យភូមិសាស្ត្រច្រក ណងអៀន-ស្ទឹងបត់ ដែលគ្រោងនឹងបើកច្រកថ្មី តំបន់សេដ្ឋកិច្ចពិសេស និងការតភ្ជាប់ផ្លូវរថភ្លើងរួមគ្នា៕