(ព្រះសីហនុ)៖ ក្រោយពីសួរនាំជនសង្ស័យ៤នាក់ ដែលជាក្រុមចោរលួចម៉ូតូយ៉ាងសកម្មក្រោយមក កម្លាំងនគរបាលជំនាញ ក្រោមការសម្របសម្រួលពី តំណាងអយ្យការខេត្ត នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបន្ដឆែកឆេរបន្ទប់ស្នាក់នៅ របស់ក្រុមជនសង្ស័យ ក្នុងនោះកម្លាំងជំនាញរកឃើញម៉ូតូ៧គ្រឿងបន្ថែមទៀត។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បញ្ជាក់ថា ក្រោយពីសួរនាំ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់នោះ កម្លាំងនគរបាលជំនាញរបស់លោក បានធ្វើការលោមព័ទ្ធ និងឆែកឆេរ កន្លែងស្នាក់នៅរបស់ក្រុមជនសង្ស័យ ដោយក្នុងនោះកម្លាំងជំនាញរបស់លោក បានរកឃើញម៉ូតូ៧គ្រឿងបន្ថែមទៀត ព្រមទាំងកាតគ្រី ស្លាកលេខជាច្រើន ដែលក្រុមជនសង្ស័យយកទៅលាក់ទុក។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ ក៏ដូចជាប្រជាពលរដ្ឋតាមបណ្ដាខេត្តផ្សេងៗ ដែលបានបាត់ម៉ូតូ សូមមកពិនិត្យមើលនៅស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ប្រសិនបើមានភិនភាគ ឬស្លាកលេខជារបស់ខ្លួន ហើយមានឯកសារត្រឹមត្រូវ លោកស្នងការនឹងប្រគល់ជូនវិញភ្លាម។

សូមបញ្ជាក់ថា កម្លាំងការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងអធិការនគរបាលក្រុង ការក្រោមការបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យ៤នាក់ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ដែលជាប់ពាក់ព័ន្ធក្នុងករណីលួចម៉ូតូ។

លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យទាំង៤ដែលឃាត់ខ្លួនបាននេះ ពាក់ព័ន្ធក្នុងករណីលួចម៉ូតូមួយគ្រឿង កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលមានម្ចាស់ឈ្មោះ យ៉ែម សុផាន់ណា ភេទប្រុស អាយុ២២ឆ្នាំ ធ្វើការនៅសណ្ឋាគារលើភ្នំ។

លោកឧត្តមសេនីយ៍ត្រី បញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួន ទី១-ឈ្មោះ ស្វាយ ធូ អាយុ២២ឆ្នាំ (សមគំនិតទទួលផល) ទី២-ឈ្មោះ សៀង សៀន អាយុ២១ឆ្នាំ (សមគំនិតទទួលផល) ធ្វើការនៅហាងម្ល់ជ្រៃប៉ោលកី ទី៣-ឈ្មោះ ម៉េង យានិកា អាយុ៣៥ឆ្នាំ (ទទួលផល) សន្តិសុខកាស៊ីណូ «ដឹរីច រីសត» និងទី៤-ឈ្មោះជុំ ដានី អាយុ២០ឆ្នាំ (សមគំនិតទទួលផល) រីឯជនសង្ស័យដែលជា អ្នកធ្វើសកម្មភាព ឈ្មោះ ភា កំពុងរត់គេចខ្លួន។ ក្រោយប្រតិបត្តិការ កម្លាំងនគរបាលជំនាញ ដកហូតបាន ម៉ូតូ១គ្រឿង ម៉ាក Honda Dream C110 (សង់ប៊ិច) ពណ៌ខ្មៅ។ បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនខ្លួនទៅសួរនាំ ដើម្បីកសាងសំណុំរឿង ចាត់ការបន្ដ៕