(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានរៀបចំពិធីប្រគល់អាជ្ញាប័ណ្ណភ្នាក់ងារ សេវាកម្មពន្ធដារ ក្រោមអធិបតីភាពលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ លោកឧកញ៉ា លោក-លោកស្រី តំណាងបណ្តាសមាគមធុរកិច្ចនានា ជាពិសេសតំណាង សហគ្រាសចំនួន៤៣ ដែលនឹងត្រូវទទួលបានអាជ្ញាប័ណ្ណភ្នាក់ងារ សេវាកម្មពន្ធដារ។

លោក គង់ វិបុល បានសម្ដែងកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានរបស់ថ្នាក់ដឹកនាំនៃ អគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងវត្តមានរបស់ អ្នកចូលរួមទាំងអស់ ដែលបានចំណាយពេលវេលា មកចូលរួមក្នុងពិធីនេះ ព្រមទាំងសម្ដែងការកោតសរសើរ ចំពោះសហគ្រាសភ្នាក់ងារ សេវាកម្មពន្ធដារ ដែលនឹងត្រូវទទួលអាជ្ញាប័ណ្ណភ្នាក់ងារ សេវាកម្មពន្ធដារជាលើកដំបូង ដែលបានយកចិត្តទុកដាក់ គោរពប្រតិបត្តិតាមច្បាប់ និងបទប្បញ្ញត្តិស្ដីពីពន្ធដារ ស្របតាមប្រកាស ស្ដីពីភ្នាក់ងារសេវាកម្មពន្ធដារ និងសេចក្ដីជូនដំណឹង ស្ដីពីការស្នើសុំអាជ្ញាប័ណ្ណភ្នាក់ងារ សេវាកម្មពន្ធដារ។

លោក គង់ វិបុល បានគូសបញ្ជាក់ថា ជាទិដ្ឋភាពជារួម ពិធីចែកអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារ នាឱកាសនេះគឺជាសក្ខីកម្មដ៏ថ្មី ស្រឡាងមួយផ្សេងទៀត ដែលឆ្លុះបញ្ចាំងពីលទ្ធផល នៃការកែទម្រង់ប្រព័ន្ធពន្ធដារកម្ពុជា ក្នុងគោលដៅបង្កើនស័ក្តិសិទ្ធិភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នៃការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានា ស្តីពីពន្ធដារ ក៏ដូចជាឆ្លើយតបឲ្យបានកាន់ តែប្រសើរឡើងថែមទៀត ទៅនឹងតម្រូវការចាំបាច់នានា ខាងផ្នែកសេវាកម្មពន្ធដារ ព្រមទាំងជាការចូលរួមលើកកម្ពស់វប្បធ៌ម នៃការបង់ពន្ធនៅកម្ពុជាឲ្យកាន់តែ ទូលំទូលាយថែមទៀតផងដែរ។

ពិធីប្រគល់អាជ្ញាប័ណ្ណថ្ងៃនេះ គឺជាការបង្ហាញចំពោះសាធារណជនទូទៅ នូវឱកាសដើម្បីក្លាយជា «ភ្នាក់ងាសេវាកម្មពន្ធដារ» ដែលមាន លក្ខណៈជំនាញវិជ្ជាជីវៈ មានភាពទទួលខុសត្រូវខ្ពស់ និងមានការទទួល ស្គាល់ដោយអគ្គនាយកដ្ឋានពន្ធដារ ហើយមានសិទ្ធិគ្រប់គ្រាន់ ស្របតាមច្បាប់ ក្នុងការបំពេញកាតព្វកិច្ចជាភ្នាក់ងារ សេវាកម្មពន្ធដារ ដូចមានចែងក្នុងប្រការ ១០ នៃប្រកាសលេខ ៤៥៥ សហវ.ប្រក ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ភ្នាក់ងារសេវាកម្មពន្ធដារ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សាភ្ជាប់ទំនាក់ទំនង រវាងអ្នកជាប់ពន្ធ និងរដ្ឋបាល សារពើពន្ធនិងជាដៃគូ សហប្រតិបត្តិការ មិនអាចខ្វះបាន ក្នុងការពង្រឹង និងពង្រីកការផ្ដល់សេវាពន្ធដារ ជាពិសេស ការបង្កើនប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិនៃ សេវាសាធារណៈជូនអ្នកជាប់ពន្ធគ្រប់មជ្ឈដ្ឋាន សំដៅធានាបាននូវការអនុវត្តច្បាប់ ក៏ដូចជាការទប់ស្កាត់សកម្មភាពគេចវេះពន្ធផ្សេងៗ។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកអគ្គនាយក ក៏បានផ្ដាំផ្ញើដល់ក្រុមហ៊ុន ដែលទទួលបានអាជ្ញាប័ណ្ណ ភ្នាក់ងារសេវាកម្មពន្ធដារទាំងអស់ ដែលជាអ្នកផ្ដល់សេវាកម្មផែ្នកពន្ធដារ ត្រូវប្រើប្រាស់ជំនាញរបស់ខ្លួន ដោយឈរលើស្មារតីវិជ្ជាជីវៈ ឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់ គោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងចូលរួមលើកកម្ពស់ នូវវប្បធ៌មបង់ពន្ធឲ្យបានកាន់តែទូលំទូលាយ ក្នុងគោលដៅចូលរួមចំណែក កែទម្រង់ប្រព័ន្ធពន្ធដារ និងរដ្ឋបាលសារពើពន្ធ ឲ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរ។
 
លោក គង់ វិបុល បានវាយតម្លៃខ្ពស់ចំពោះភ្នាក់ងារពន្ធដារដែលទទួលបានអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារ ព្រមទាំងបានផ្តល់ អនុសាសន៍ណែនាំបន្ថែមដល់ភ្នាក់ងារទាំងនោះ ឲ្យខិតខំពង្រឹងការអនុវត្តច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈឲ្យបានត្រឹមត្រូវ ព្រមទាំងពង្រឹងកិច្ចសហការល្អជាមួយរដ្ឋបាលសារពើពន្ធ ក្នុងការចូលរួមផ្តល់សេវាល្អប្រសើរជូនអ្នកជាប់ពន្ធ៕