(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី សមាជិកសភា នៃ​កម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ចូលរួមយុទ្ធនាការព័ណ៌ទឹកក្រូច ក្នុងសហគមន័ដើម្បី​បញ្ឈប់​អំពើហិង្សាលើស្ដ្រី ដែលបានប្រព្រឹត្តទៅ នៅសាលប្រជុំនៃសាលាខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ពិធីនេះដែរ ក៏មានការ​ចូលរួមពី លោកស្រី Marie Odile Emond អ្នកសម្របសម្រួល ស្ដីទីរបស់អង្កការសហប្រជាជាតិប្រចាំនៅកម្ពុជា និងជានាយិកាប្រចាំប្រទេស នៃអង្កការUNAIDS និងលោក លោកស្រី មកពីតំណាងក្រសួងស្ថាប័ននានា ជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ តំណាងដៃគូអភិវឌ្ឍន៍ អង្កការជាតិនិងអន្តរជាតិ ព្រមទាំងសមាជិក​ក្រុមប្រឹក្សាខណ្ឌ​ មន្ដ្រីរាជការពាក់ព័ន្ធ សិស្សានុសិស្ស យ៉ាងច្រើនកុះករ។​

លោក ហ៊ុន ម៉ានី បានលើកឡើងថា ក្នុងនាម​ជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មានតួនាទីយ៉ាងសំខាន់ធ្វើជាគំរូ និងជាអាណាព្យាបាល ផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋគ្រប់រូប នៅក្នុងមូលដ្ឋាន ដោយគ្មានការរើសអើង និងមានតម្លាភាព។ សម្រាប់យុទ្ធនាការ ពណ៍ទឹកក្រូច នាពេលនេះ គឺជា​សកម្មភាពថ្មីមួយ ដែលបានផ្សាភ្ជាប់តួនាទី និងក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ជាពិសេស ការចូលរួម របស់បុរសត្រូវ បានទទួលស្គាល់ថា ជាក្រុមគោលដៅយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ដើម្បីចូលរួមទប់ស្កាត់ អំពើហិង្សា លើស្ត្រីទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ព្រោះ​ថាភាគច្រើន នៅពេលដែលមានអំពើហិង្សាកើតឡើងស្ត្រី និ​ងកុមារ ក្លាយជាជនរងគ្រោះ ហើយបុរសជាជនល្មើស។

ជាមួយគ្នានោះ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ក៏បានថ្លែងដែរថា យោងតាមបទពិសោធន៍ជាក់ស្ដែង​ស្ត្រី និងក្មេងស្រី ដែលទទួលរងគ្រោះដោយអំពើហិង្សា និងការរំលោភបំពាននានា ការបៀតបៀនផ្លូវភេទជនរងគ្រោះពិតជា មានអារម្មណ៍ភ័យខ្លាចតក់ស្លុត ធ្វើឲ្យមានភាពខ្មាស់អៀន ហើយវាពិតជាទាមទារ ឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បង្កភាពងាយស្រួលទំនុកចិត ផ្ដល់ភាពកក់ក្ដៅ និងយកចិត្តទុកដាក់ស្ដាប់ នៃការរាយការណ៍ ជាជាងការស្ដីបន្ទោស អំពីស្ថានភាពនានា របស់ជនរងគ្រោះ ដូចជាមក ពីជនរងគ្រោះ ស្លៀកពាក់ស៊ិចស៊ី ឬដើរហើរនៅពេលយប់ និងហេតុផលដ៏ទៃទៀត ដែលជនប្រព្រត្តបទល្មើស យកធ្វើ​ជាលេស ឬដោយកត្តាផ្នត់គំនិតអវិជ្ជមាននានា នៅក្នុងសង្គ មដែលជាមូលហេតុជម្រុញ ឲ្យបុរសមួយចំនួនប្រព្រឹត្តអំពើហិង្សា និងការរំលោភបំពានទៅលើស្ត្រី ក្មេងស្រី ដោយចាត់​ទុកពួកគេ ជាវត្ថុសម្រាប់កំសាន្ដអារម្មណ៍​។

លោកបានបញ្ជាក់ថា «ដើម្បីឆ្លើយតបនឹងបញ្ហានេះ វាពិតជា ចាំបាច់ទាមទារឲ្យមានការចូលរួម ផ្ដល់អន្តរាគមន៍ទាន់ពេល វេលាជាពិសេសការលើកទឹកចិត្តដល់ជនរងគ្រោះជាស្ត្រីក្លាហាន ហ៊ានរាយការណ៍ពីស្ថានភាព នៃអំពើហិង្សាដែលខ្លួន បានជួបប្រទះ និងដាក់ពាក្យបណ្ដឹង ចាប់ជនប្រព្រឹត្តបទល្មើស ទាន់ពេលវេលា ហើយទាំងអស់គ្នា អាចធ្វើការគិត យ៉ាងសាមញថា ប្រសិនជាជនរងគ្រោះទាំងនោះ ជាសាច់ញាតិរបស់យើង តើយើងមានអារម្មណ៍បែបណា? ហើយប្រសិនជាជនប្រព្រឹត្តបទល្មើសទាំងអស់នោះ មិនទទួលបានការដាក់ទោសទណ្ឌ តាមផ្លូវច្បាប់ទេនោះ តើស្ថានភាពទាំងអស់នោះ និងក្លាយទៅជាយ៉ាងណា? វាប្រាកដណាស់ថា ថ្ងៃណាមួយ ករណីទាំងនោះវាក៏អាចកើតមានឡើងមកលើកូនស្រី បងស្រី ប្អូនស្រី ឫសាច់ញាតិជាស្រីរបស់យើង នៅថ្ងៃណាមួយជាក់ជាពុំខាន»។

ក្រោយបញ្ចប់កម្មពិធី ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ បា​នធ្វើការដ ង្ហែជាក្បួន ដើម្បីផ្សព្វផ្សាយ ឲ្យបងប្អូនប្រជាពលរដ្ឋបានជ្រួលជ្រាបយល់ដឹង ពីគោលបំណង នៃយុទ្ធនាការពណ៍ទឹកក្រូច ក្នុងសហគមន៍ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី​៕