(ប៉ៃលិន)៖ មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តប៉ៃលិន សហការជាមួយមន្រ្តីនៃមន្ទីរពាណិជ្ជកម្មខេត្ត រួមទាំងកងកម្លាំងសមត្ថកិច្ចនគរបាលស្នងការខេត្ត បានចុះត្រួតពិនិត្យស្តង់អង្ករ មួយខាងជើងផ្សារប៉ាហ៊ី យកទៅដាំបាយហូប ហើយសង្ស័យថាអង្ករមានជាតិជ័រប្លាស្ទិក ហើយក៏ផ្អើលដល់សមត្ថកិច្ច។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើ់តឡើង កាលពីវេលាម៉ោង ៥៖៣០នាទីល្ងាច ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ រហូត ដល់ម៉ោង ៦៖១០នាទីព្រលប់ ស្ថិតនៅខាងជើងផ្សារសាមគ្គី ហៅប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

លោកសាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តប៉ៃលិន បានឱ្យដឹងថា មូលហេតុ ដែលប្រជាពលរដ្ឋមួយគ្រួសារខាងលើ លីងអង្កររហូតដល់ ខ្លោចខ្លាំងពេក ហើយចេញជ័រស្រដៀង​នឹងជាតិជ័រកៅស៊ូនោះ ព្រោះតែពួកគាត់លីងអង្ករ រហូតដល់ហួសកំរិតជ្រុល ទើបក្លាយទៅជាដុំៗ ដូចជ័រកៅស៊ូបែបនេះ ហើយបើសិនជាអង្ករនោះមានជាតិជ័រកៅស៊ូប្លាស្ទិកប្រាកដមែន យើងគ្រាន់តែលីងឱ្យខ្លោចក្រហមធម្មតា អាចនឹងរកឃើញជ័រកៅស៊ូ។

ប្រធានកាំកុងត្រូលសាខាខេត្តប៉ៃលិន បានអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋកុំមានការភ្ញាក់ផ្អើល អ្វីនោះឡើយ ការនិយាយតៗ គ្នាពីមាត់មួយទៅមាត់មួយ មិនមែនជាការពិតនោះទេ ហើយការធ្វើពិសោធន៍របស់ប្រជាពលរដ្ឋខាងលើ ក៏មិនអាចបញ្ជាក់ពិតប្រាកដនោះដែរ ព្រោះធ្វើខុសពីលក្ខណៈបច្ចេកទេស។  

សូមបញ្ជាក់ថា  នៅវេលាម៉ោង១១៖៣០នាទី ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ គ្រួសារមួយ បានយកអង្ករទៅលីងបម្រុងនឹងដាក់ជាមួយផ្អកត្រីប្រៃ ដើម្បីទទួលទាន លុះលីងរហូតដល់ខ្លោច ពិនិត្យទៅឃើញ សង្ស័យថា មានជ័រដុំៗ ក៏ផ្អើលតែម្តង ក្រោយពេលទទួលដំណឹងពីប្រជាពលរដ្ឋម្នាក់ ឈ្មោះ ទិត្យ អុល ភេទប្រុស អាយុ៥២ឆ្នាំ ប្រពន្ធ ឈ្មោះ ចាន់ ចំរើន អាយុ ៥០ឆ្នាំ រស់នៅភូមិទួលខៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ទើបសមត្ថកិច្ចជំនាញចម្រុះចុះពិនិត្យជាក់ស្តែងតែម្តង៕