(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានលើកឡើងថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ លើកទី២១ ដែលជាព្រឹត្តិការណ៍កីឡា និងទេសចរណ៍ដ៏ធំប្រចាំឆ្នាំ នៅលើទឹកដីអង្គរ ខេត្តសៀមរាប នាថ្ងៃទី០៤ ខែតុលាខាងមុខនេះ យ៉ាងហោចណាស់ក៏មានមនុស្សជាង ៨ពាន់នាក់ មកពីជាង ៧០ប្រទេសត្រៀមចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ ហើយអាចនឹងកើនឡើងប្រមាណ ២០% បើធៀបនឹងអ្នកចូលរួមកាលពីឆ្នាំ២០១៥កន្លងទៅទៀតផង ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំព្រឹត្តិការណ៍អន្ដរជាតិខាងលើ ដែលឧបត្ថម្ភធំដោយក្រុមហ៊ុន Manulife នៅទីស្នាក់ការ NOCC នៅថ្ងៃទី២៩ ខែតុលានេះ លោក វ៉ាត់ ចំរើន បានថ្លែងថា ពេលនេះមានកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិជាង ៦ពាន់នាក់ហើយ បានចុះឈ្មោះចូលរួមព្រឹត្តិការណ៍អន្ដរជាតិនេះ ក្នុងនោះមានជាង ៤ពាន់នាក់ជាភ្ញៀវអន្ដរជាតិ ដែលមកពី ៧០ប្រទេសជុំវិញពិភពលោក រីឯជាង ២ពាន់នាក់ទៀត គឺជាប្រជាពលរដ្ឋកម្ពុជា ប៉ុន្ដែលោករំពឹងថា ទម្រាំដល់ថ្ងៃប្រកួតយ៉ាងហោចណាស់ក៏មានអ្នកចូលរួមជាង ៨ពាន់នាក់ដែរ ។ ប៉ុន្ដែលោកបានអំពាវនាវដល់ភ្ញៀវជាតិ និងអន្ដរជាតិ ត្រូវរួសរាន់មកចុះឈ្មោះ ដើម្បីងាយស្រួលគណៈកម្មការរៀបចំសម្ភារៈចូលរួមប្រកួត ។

អគ្គលេខាធិការ NOCC រូបនេះ បានបន្ដថា នេះគឺជាព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំ មិនខុសពីការប្រកួតកីឡាជាតិឡើយ នៅក្នុងការផ្សព្វផ្សាយពីកិត្យានុភាពជាតិ ដើម្បីទាក់ទាញទេសចរណ៍ ។ អ្វីដែលពិសេស គោលបំណងនៃការរៀបចំនេះ ក្រៅពីចង់ផ្សព្វផ្សាយពីប្រាង្គប្រាសាទប្រវត្តិសាស្ដ្ររបស់កម្ពុជាហើយនោះ ក៏ដើម្បីផ្សារភ្ជាប់ជាមួយការងារសប្បុរសធម៌ តាមរយៈប្រមូលមូលនិធិ ដែលទទួលបានពីការចុះឈ្មោះ និងការឧបត្ថម្ភរបស់ក្រុមហ៊ុននានា សម្រាប់ជួយដល់មន្ទីពេទ្យគន្ធបុប្ឋារ មន្ទីពេទ្យកុមារអង្គរ កាកបាទក្រហមកម្ពុជា និងអង្គការកុមារកំព្រាជាច្រើនទៀតផងដែរ ។

ជាមួយគ្នានោះលោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន Manulife Cambodia បានថ្លែងថា «យើងមានមោទនភាពណាស់ដែលមានឱកាសឧបត្ថម្ភព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ បន្ទាប់ពីប្រតិបត្តិការអាជីវកម្មរយៈពេល ៤ឆ្នាំនៅកម្ពុជា យើងនៅតែរក្សាឆន្ទៈដ៏មុះមុតក្នុងការកសាងអនាគតហិរញ្ញវត្ថុដ៏ប្រសើរជាងមុនសម្រាប់ក្រុមគ្រួសារកម្ពុជា»។

លោកបន្ដទៀតថា យើងជឿជាក់ថាសុខភាពនិងសុខុមាលភាពរបស់អតិថិជនគឺជាកត្តាសំខាន់បំផុតដែលជួយយើងឱ្យសម្រេចទស្សនវិស័យបានដូច្នេះហើយ ការគាំទ្រដល់កម្មវិធីមួយដែលអាចជួយលើកកម្ពស់សុខភាព និងសុខុមាលភាព ដូចជាកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តនេះ គឺស្របគ្នាល្អបំផុតទៅតាមគោលដៅរយៈពេលវែងរបស់យើង។

សូមបញ្ជាក់ថា នេះជាឆ្នាំទីពីរហើយដែលក្រុមហ៊ុន Manulife បានធ្វើជាម្ចាស់ឧបត្ថម្ភធំនៃព្រឹត្តិការណ៍នេះចាប់តាំងពីក្រុមហ៊ុននេះបានចុះហត្ថលេខាព្រមព្រៀង លើការឧបត្ថម្ភរយៈពេល ៥ឆ្នាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីខែកក្កដាឆ្នាំ ២០១៥។ ការរួមចំណែកក្នុងការឧបត្ថម្ភនេះក្រុមហ៊ុន Manulife បានបរិច្ចាគជាទឹកប្រាក់ចំនួន២៥០០០ដុល្លារអាមេរិកដល់មន្ទីរពេទ្យកុមារអង្គរកាលពីឆ្នាំមុន ៕