(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី ព្រមទាំងបុត្រ បានផ្ដួចផ្ដើមប្រារព្ធពិធីបុណ្យកឋិនទានសាមគ្គី ដង្ហែវេរប្រគេនព្រះសង្ឃ​ក្នុងវត្ត​សារាវ័ន្តតេជោ, វត្តមហាមន្ត្រី និងវត្តទួលទំពូង ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ដោយប្រមូលបានបច្ច័យចំនួន ១២៥លានរៀល ទុកសម្រាប់កសាងមសិទ្ធផលមួយចំនួនក្នុងវត្ត។

ក្នុងឱកាសដ៏អធឹកអធ័មនោះ ក៏មានការចូលរួមយ៉ាងសស្រាក់សស្រាំពីថ្នាក់ដឹកនាំ សមាជិក-សមាជិកា មន្ត្រីរាជការនៃក្រសួងការងារ ព្រមទាំងក្រុមការងារចុះជួយខណ្ឌចំការមន និងទាំងពុទ្ធបរិស័ទ​ជិតឆ្ងាយផងដែរ។

បច្ច័យដែលប្រមូលបាន សរុបចំនួន ១២៥,០០០,០០០រៀល ដោយបានបែងចែកទៅវត្តចំនួន៣ រួមមាន៖ វត្តសារាវ័ន្តតេជោ ចំនួន ៨៥,០០០,០០០រៀល, វត្តមហាមន្ត្រី ចំនួន ២០,០០០,០០០រៀល និងវត្តទួលទំពួង ចំនួន ២០,០០០,០០០រៀល។

ក្រៅពីបែងចែកប្រគេនជូនវត្តទាំង៣ខាងលើ លោករដ្ឋមន្ត្រី ក៏បានប្រគេនបច្ច័យថ្វាយព្រះសង្ឃ ដែលគង់នៅក្នុងវត្តសារាវ័ន្តតេជោ ៣១៨អង្គ ក្នុង១អង្គៗទទួលបានបច្ច័យចំនួន ២០,០០០រៀល (សរុប ៦,៣៦០,០០០រៀល), យាយជី-តាជី ១៥នាក់ ក្នុងម្នាក់ទទួលបាន ២០,០០០រៀល (សរុប ៣០០,០០០រៀល), សិស្សានុសិស្ស ២០នាក់ ក្នុងម្នាក់ទទួលបាន ១០,០០០រៀល (សរុប ២០០,០០០រៀល), សន្តិសុខ ១០នាក់ ក្នុងម្នាក់ទទួលបាន ២០,០០០រៀល (សរុប ២០០,០០០រៀល) និងក្រុមភ្លេងឆៃយ៉ាំចំនួន ៤០០,០០០រៀលផងដែរ៕