(ភ្នំពេញ)៖ ​យុវជន​ម្នាក់​ដែល​បង្ហោះ​វីដេអូ​តាម Facebook ​ដាក់​បណ្តាសា​ប្រមាថ​អាយុ​ជីវិត​ សម្តេចតេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃកម្ពុជា ត្រូវ​បានលោក​ គង់​ សំ​សារ៉េត​ ​ព្រះ​រាជ​អាជ្ញា​រង ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេចនៅ​ល្ងាច​ថ្ងៃ​ទី​២៩​ ខែ​តុលា​ ចោទប្រកាន់​ជា​ផ្លូវ​ការ​ចំនួន​ពីរ​បទល្មើស​។

មន្ត្រី​តុលាការ​បញ្ជាក់​ថា​ យុវជន​រូប​នេះ​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ «គំរាមកំហែង​ថា​នឹង​សម្លាប់​ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ តាម​មាត្រា​២៣៣ និង​មាត្រា​៤៩៦ នៃ​ក្រម​ព្រហ្មទណ្ឌ​។​ បច្ចុប្បន្ន​សំណុំរឿង​និង​ជនត្រូវចោទ​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ចៅក្រម​ស៊ើបសួរ​ ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី​»។ នៅ​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ​នេះ​ តុលាការ​នឹង​សម្រេច​ឃុំ​ខ្លួន​ឬ​មិន​ឃុំ​ជនត្រូវចោទ​។

យុវជនរូបនេះ នឹងត្រូវបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរបន្តទៀត នៅស្អែក។

យុវជន​រូប​នេះ​ត្រូវ​បាន​នគរបាល​ខេត្ត​ព្រៃវែង​ ឃាត់ខ្លួន​រួច​បញ្ជូន​មក​ក្រសួង​មហាផ្ទៃ​ កាលពី​រសៀល​ថ្ងៃ​ទី​២៧​ ខែ​តុលា​ តាម​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​របស់​ព្រះ​រាជ​អាជ្ញា​រង ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។​

យោង​តាម​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​របស់​លោក​ សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បង្គាប់​ឲ្យ​ឈ្មោះ​ សាម​ ភាព​ អាយុ​២៧ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​បឹង​ជ័រ​ ឃុំ​ព្រៃ​ទទឹង​ ស្រុក​ស៊ីធរកណ្ដាល​ ខេត្ត​ព្រៃវែង​ ឲ្យ​ចូល​បង្ហាញ​ខ្លួន​នៅ​ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួង​មហាផ្ទៃ​ ឲ្យ​បាន​មុន​ថ្ងៃ​ទី​២១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​ ដើម្បី​សាកសួរ​បំភ្លឺ​ ពាក់ព័ន្ធ​នឹង​ករណី​ ប្រើ​ទំព័រ​ហ្វេសប៊ុក​បង្ហោះ​វីដេអូ​ឃ្លីប​ដាក់​បណ្តាសា​ប្រមាថ​អាយុ​ជីវិត​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ ។

នគរបាល​ខេត្ត​ព្រៃវែង​បញ្ជាក់​ថា​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យុវជន​ សាម​ ភាព​ នៅ​ចំណុច​ផ្ទះ​យុវជន​នេះ​តែ​ម្ដង​។ នៅ​ដំណាក់កាល​សមត្ថកិច្ច​យុវជន​រូប​នេះ​ និយាយ​ថា​ «ចាប់ខ្ញុំនេះ ខ្ញុំដឹងតើ ខ្ញុំមិនមែនរកស៊ីគ្រឿងញៀនទេ គឺចាប់ជេររដ្ឋាភិបាល​»