(ស្ទឹងត្រែង)៖ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន និងលោក ញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្រ្តីរាជការក្នុងខេត្តទាំងអស់ ប្រារព្ធពិធីថ្វាយព្រះសព្វសារធុការពរ​ថ្វាយព្រះ​មហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសប្រារព្ធខួប ១២ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្តិ។

ក្នុងឱកាសនោះលោកអភិបាលខេត្តស្ទឹងត្រែងបានលើកឡើងថា ព្រះមហាក្សត្រខ្មែរ ដែលជាគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត បានបំពេញព្រះរាជកិច្ចដ៏ឧត្តុងឧត្តមជាព្រះមហាក្សត្រ និងជាព្រះប្រមុខ​រដ្ឋដ៏ឆ្នើម នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រទេសជាតិឆ្ពោះទៅកាន់នីតិរដ្ឋប្រកបដោយភាពរុងរឿងថ្កុំថ្កើង និងសម្បូរណ៍សប្បាយ។

លោកអភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្រ្តីរាជការក្នុងខេត្តទាំងអស់ បានថ្វាយព្រះសព្ទសាធុការពរបវរមហាប្រសើរចំពោះព្រះមហាក្សត្រខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រកបដោយព្រះរាជព្រះតេជៈបារមីកាន់តែចិញ្ចាចចិញ្ចែង ដើម្បីគង់ប្រថាប់ជាម្លប់ដ៏សែនត្រជាក់ត្រជំសម្រាប់ប្រជារាស្រ្តខ្មែរជានិច្ចនិរន្តរ៍។

សូមបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរត្រូវបានក្រុមប្រឹក្សាព្រះបរមរាជសម្បត្តិបោះឆ្នោតសម្រេចឲ្យឡើងសោជរាជ្យបន្តពីព្រះវររាជបី ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ មកដល់ពេលបច្ចុប្បន្ននេះ មានរយៈពេល ១២ព្រះវស្សាមកហើយ។ ក្នុងរយៈពេល នៃការគ្រងព្រះបរមរាជសម្បត្តិ ព្រះមហាក្សត្រខ្មែរ បានបំពេញព្រះរាជបូនីយកិច្ចយ៉ាងច្រើន ដើម្បីជាតិ និងប្រជារាស្រ្ត​របស់ព្រះអង្គ៕