(ភ្នំពេញ)៖ សាកលវិទ្យាល័យបញ្ញាជាតិ បានប្រកាសផ្តល់អាហារូបករណ៍១០០ភាគរយ ចំនួន២៥កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ១៥កន្លែង សិក្សាក្នុងរយៈពេល ៤ឆ្នាំ និងថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់១០កន្លែង សិក្សារយៈពេល២ឆ្នាំ ដល់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិ នៃអង្គភាពព័ត៌មាន Fresh News។ អាហារូបករណ៍១០០ភាគរយ ២៥កន្លែង ដែលសាកលវិទ្យាល័យបញ្ញាជាតិ បានផ្តល់ជូនអង្គភាពព័ត៌មាន Fresh News សរុបទឹកប្រាក់ស្មើ ៣៩,០០០ដុល្លារ សហរដ្ឋអាមេរិក។

លោកជំទាវឧកញ៉ាបណ្ឌិត​ ជា សវណ្ណនី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបញ្ញាជាតិ បានបញ្ជាក់ឲ្យដឹងថា «ក្នុងឆ្នាំ២០១៦-២០១៧ សាកលវិទ្យាល័យបញ្ញាជាតិ សូមផ្តល់ អាហារូបករណ៍​១០០ភាគរយ ២៥កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ១៥កន្លែង សិក្សាក្នុងរយៈពេល៤ឆ្នាំ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែង សិក្សារយៈពេល២ឆ្នាំ ជូនលោក លឹម ជាវុត្ថា នាយកប្រតិបត្តិ នៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ បណ្តុះបណ្តាល ធនធានមនុស្ស និងអភិវឌ្ឍន៍ប្រទេសកម្ពុជា។

លោក លឹម ជាវុត្ថា សូមសម្តែងការអរគុណដល់ លោកជំទាវឧកញ៉ាបណ្ឌិត​ ជា សវណ្ណនី ដែលបានផ្តល់អាហារូបករណ៍១០០% ចំនួន២៥កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់អង្គភាពព័ត៌មាន Fresh News។ លោក លឹម ជាវុត្ថា សង្ឃឹមការផ្តល់អាហារូបករណ៍របស់ សាកលវិទ្យាធិការ សាកលវិទ្យាល័យបញ្ញាជាតិ នាពេលនេះនឹងជួយសម្រូលដល់ការសិក្សា របស់សិស្សានុសិស្សបានថែមមួយកំរិតទៀត។

គួរបញ្ជាក់ថា សាកលវិទ្យាល័យបញ្ញាជាតិ ជាគ្រឹះស្ថានឧត្តមសិក្សាដែលបង្កើតឡើងដើម្បីអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយចំណេះដឹងទូទៅ សមត្ថភាពបញ្ហា និងគុណធម៌ដល់ប្រជាពលរដ្ឋកម្ពុជា៕