(កំពង់ចាម)៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការចុះទៅបង្ក្រាប ទីតាំងក្រុុមហ៊ុនយីហោ សាន ព្រហ្មពល ដែលរកសីុបើកសេវា Internet ប៉ុន្តែលួចបង្កប់ល្បែងភ្នាល់បាល់ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១០ ភូមិ៩ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

លោក ថាញ់ សុខវុន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ថា ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត និងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង លោក រៀល សូភិន្ទ ។

នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបន្តទៀតថា ក្រោយការចុះបង្ក្រាបកម្លាំងនគរបាលរបស់លោក បានធ្វើការឃាត់ខ្លូន មនុស្ស៨នាក់ ក្នុងនោះម្ចាស់ទីតាំងម្នាក់ ឈ្មោះ ហុក សុចិត្រា អាយុ២៤នាក់ មេការប្រុសស្រី២នាក់ និងអ្នកទៅលេងភ្នាល់បាល់ចំនួន៥នាក់ ព្រមទាំងដកហូតកុំព្យូទ័រចំនួន១២គ្រឿង ក្រដាសកត់បាល់ និងលុយមួយចំនួនផងដែរ។

យោងតាមលិខិតអនុញ្ញាតរបស់មន្ទីរប្រៃនីយ៍ និងទូរគមនាគមន៍ ខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ បានសម្រេចផ្តល់សិទ្ធិជូនក្រមហ៊ុន សាន ព្រហ្មពល ដែលមានលោក សាន ព្រហ្មពល ជាប្រធានក្រុមប្រឹក្សា បើកសេវាបម្រើអីុនធឺណេត។

ក្រោយការចុះបង្ក្រាប មនុស្សទាំង៨នាក់ និងវត្ថុទាំងអស់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសួរនាំបន្តទៀត នៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធី។