(កំពង់ចាម)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦នេះ បានចុះជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្ត្រីគណបក្ស និងមន្រ្តីសង្កេតការណ៍ និងបានផ្ដល់ជូនអំណោយ ម៉ូតូ២គ្រឿង ដល់សិស្សដែលបានប្រលងជាប់និទ្ទេសA និងកង់ចំនួន៤៩៦ ជូនដល់សិស្សានុសិស្ស មន្ត្រីគណបក្ស និងមន្រ្តីសង្កេតការណ៍ នៅស្រុកបាធាយ ខេត្តកំពង់ចាម ជាមួយថវិការមួយចំនួនទៀត។

ថ្លែងក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានឲ្យដឹងថា សូមផ្ដាំផ្ញើរដល់សិស្សនុសិស្ស ដែលជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងស្រុកបាឆាយ ទាំងអស់ផងដែរ ត្រូវបន្តយកចិត្តទុកដាក់ខិតខំរៀនសូត្រ លើមុខវិជ្ជាជីវៈដែលខ្លួនពេញចិត្ត ដើម្បីប្រែក្លាយ ចំណេះដឹងជាទំពាំងស្នងឫស្សី ជាធនធានមនុស្សដ៏ល្អសំរាប់សង្គមជាតិ ហើយត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនគឺជាអ្នកបំផ្លាញ ទ្រព្យសម្បត្តិ សុភមង្គល គ្រួសារ និងបំផ្លាញអនាគតរបស់យើង។

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងបន្ថែមទៀតថា ផ្ដើមចេញពីការយកចិត្តទុក្ខដាក់ ជាក់ស្ដែង ស្រុកបាធាយ ក៏ជាស្រុកមួយក្នុងចំណោម ទាំងអស់នៅទូទាំងប្រទេស ដែលទទួលបាននូវសមិទ្ធិផលច្រើន ពីរាជរដ្ឋាភិបាលដូចជាក្រុមការងារបក្សបានផ្ដល់រួមមាន៖ ផ្លូវគមនាមន៍ សាលារៀន មន្ទីរពេទ្យ វត្តអារាម ជាដើម ដែលជាសមិទ្ធផល ដែលកើតឡើង ពីលោកឧបនាយរដ្ឋមន្ត្រី ហោ ណាំហុង ប្រធានក្រុមការងារថ្នាក់ស្រុក បានជួនទុកជាចំណងដៃសម្រាប់ជាប្រយោជន៍ក្នុងមូលដ្ឋាន ដែលយើងគ្រប់គ្នាមិនអាចបំភ្លេចបាន ដូចដែលពាក្យចាស់បានពោលថា «បើជ្រកក្រោមម្លប់ ត្រូវនឹកដល់ប្រភពអ្នកដាំ បើបានផ្លែផ្កាញ៉ាំ ត្រូវចុះរក្សាដើម»

លោកបានបញ្ជាក់ថា ការខិតខំស្ដារនិងអភិវឌ្ឍប្រទេសជាតិឡើងវិញ ក្នុងរយៈពេលកន្លងទៅរបស់រាជរដ្ឋាភិបាល តាមរយៈក្រុមការងារគណបក្សប្រជាជនកម្ពុជា គឺជាគោលនយោបាយរបស់បក្សក្នុងការដឹកនាំប្រទេសជាតិសំដៅ រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ មានជីវភាពកាន់តែប្រសើរឡើង ថែមទៀត បើទោះបីមានមជ្ឈដ្នានខ្លះតែងតែនិយាយ មួលបង្កាច់ យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តនយោបាយចែករំលែក ដើម្បីរួមសុខទុកជាមួយប្រជាពលរដ្ឋជានិច្ច៕