(ភ្នំពេញ)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយក្រុមការងារបច្ចេកទេស នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ បានដឹកនាំក្រុមអ្នកបច្ចេកទេស បន្តបេសកកម្មតាមបណ្តាខេត្ត ជាលើកទី៤ ដើម្បីចុះពិនិត្យ វាយតម្លៃលើលទ្ធផលការងារ និងវិធានការជាក់ស្តែង ក្នុងការឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់ក្រសួង ដែលបាននដាក់ចេញ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានឲ្យដឹងថា តាមរយៈបេសកកម្មចុះពិនិត្យ វាយតម្លៃនាពេលកន្លងមក និងពេលនេះ រដ្ឋមន្ត្រី លឹម គានហោ បានធ្វើការវាយតម្លៃថា វិធានការជាក់ស្តែងនានារបស់មន្ទីរ អង្គភាពចំណុះក្រសួង បានធ្វើការឆ្លើយតបយ៉ាងល្អប្រសើរ ទៅនឹងយុទ្ធសាស្ត្រដែលបានដាក់ចេញកន្លងមក ទន្ទឹមនឹងនេះ ក្រសួងក៏រកឃើញនូវចំណុចខ្វះខាតមួយចំនួន ដែលទាមទារនូវការបំពេញបន្ថែម សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង និងការបែងចែក ប្រើប្រាស់ធនធានទឹក កាន់តែមានប្រសិទ្ធភាព និងចំទិសដៅ។

រដ្ឋមន្ត្រីបន្តថា ឆ្នាំនេះ ថ្វីត្បិតតែជំនន់ទន្លេមេគង្គ ពុំបានបង្កហានិភ័យដល់កម្ពុជា តែការធ្លាក់ភ្លៀងយ៉ាងគំហុកជាប់ៗគ្នា បានបង្កឲ្យមានជំនន់ទឹកភ្លៀងរហូតដល់ទៅ ១៣រាជធានី-ខេត្ត ហើយខេត្តមួយចំនួន មានជំនន់រហូតដល់ទៅ ២-៣លើក ក្នុងមួយរដូវវស្សានេះ ហើយខេត្តកំពង់ស្ពឺ មានជំនន់រហូតដល់ទៅ ២៨ថ្ងៃជាប់ៗគ្នា។ ទោះជាបែបនេះក្តី បើយើងពិនិត្យទៅលើផលប៉ះពាល់ និងការខូចខាត ហើយធ្វើការប្រៀបធៀបជាមួយបណ្តាឆ្នាំកន្លងទៅ យើងឃើញថា ឆ្នាំនេះការខូចខាតមានតិចតួច នេះក៏ដោយសារតែការដាក់ចេញនូវយុទ្ធសាស្ត្ររបស់យើងបានត្រឹមត្រូវ ហើយយើងមានវិធានការទាន់ពេលវេលា។

ទាក់ទងទៅនឹងការឆក់ឱកាស ទាញយកទឹកជំនន់មករក្សាទុកប្រើប្រាស់ រដ្ឋមន្ត្រីបានវាយតម្លៃថា ទឹកទន្លេមេគង្គឆ្នាំនេះ មានជំនន់មធ្យម ដូចនេះទឹកមិនបានហូរចូលគ្រប់ព្រែក អាងទឹក.. បានទាំងអស់ទេ ប៉ុន្តែដោយមន្ដ្រីជំនាញបានធ្វើការបូមបន្ថែមពីទន្លេ ស្ទឹង...នានា បច្ចុប្បន្ន អាងទឹកទាំងអស់ មានទឹកគ្រប់គ្រាន់ ហើយអាចធានាបានទាំងស្រុង សម្រាប់ផែនការផលិតស្រូវប្រាំង នាពេលខាងមុខ ហើយរាល់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រដែលបានខូចខាតដោយសារទឹកជំនន់កន្លងមក ក៏ត្រូវបានក្រសួងជួសជុលស្តារឡើងវិញស្ទើររួចរាល់អស់ហើយដែរ ។

លទ្ធផលឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ ដែលបានដាក់ចេញ គួរជាទីមោទនៈ លោករដ្ឋមន្ដ្រី ក៏បានផ្តល់នូវអនុសាសន៍ដល់មន្ទីរ និងអង្គភាពពាក់ព័ន្ធ មួយចំនួនទៀត សំដៅធ្វើយ៉ាងណា ឲ្យការអនុវត្តការងារ តួនាទី ភារកិច្ច ទទួលបានលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត។

សូមបញ្ជាក់ជូនថា នៅក្នុងកិច្ចប្រជុំការងាររបស់ក្រសួង កាលពីដើមខែឧសភា កន្លងទៅ លោករដ្ឋមន្ត្រី លឹម គាន់ហោ បានដាក់ចេញនូវយុទ្ធសាស្ត្រ៤ចំណុច ដែលសុទ្ធសឹងតែជា ការងារពាក់ព័ន្ធ និងការគ្រប់គ្រងទឹក ក្នុងបរិបទនៃដំណាក់កាល ការប្រែប្រួលអាកាសធាតុ ដោយក្នុងនោះមាន៖

១-បង្វែរនូវជំនន់ដែលអាចបង្កនូវមហន្តរាយធ្ងន់ធ្ងរ ដល់ផលប្រយោជន៍ប្រជាជន និងសង្គមជាតិ
២-ឆក់ឱកាសទាញយកនូវបរិមាណទឹក ដែលបង្កឡើងដោយធម្មជាតិ រួមមានជំនន់តាមទន្លេ ស្ទឹង និងជំនន់ទឹកភ្លៀង យកមករក្សាទុកប្រើប្រាស់នៅលើគ្រប់គោលដៅ
៣-មានវិធានការជួលជុល និងកែលំអជាបន្ទាន់ នូវកន្លែងដែលខូចខាត និងកន្លែងដែលមានវិធានការរំដោះទឹក ក្នុងការជួយសង្គ្រោះការលិចលង់កន្លងមក
៤-ពិនិត្យសិក្សា វាយតម្លៃបូកសរុបជាបន្ទាន់នូវរាល់ចំណុចខ្វះខាត ដែលកើតមានមកនេះ ដើម្បីធ្វើការកែលំអ ជៀសវាងកុំឲ្យមានតទៅទៀត៕