(តាកែវ)៖ ក្នុងឱកាសបើកបវេសនកាលថ្មី ឆ្នាំ២០១៦-២០១៧ លោក ហុង ជឿន អនុប្រធានក្រុមការងារចុះជួយឃុំពោធិ៍រំចាក តំណាងឲ្យលោក ហេង សួរ ប្រធានក្រុមការងារចុះជួយឃុំពោធិ៍រំចាក បានដឹកនាំក្រុមការងារចុះចែករង្វាន់លើកទឹកចិត្តដល់លោក-អ្នកគ្រូ សិស្សានុសិស្ស និងសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងវិទ្យាល័យសមរលាវ ស្ថិតក្នុងឃុំពោធិ៍រំចែក ស្រុកព្រៃកប្បាស ខេត្តតាកែវ។

សកម្មខាងលើ ប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦នេះ ដោយក្នុងនោះ លោក ហុង ជឿន បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្ហាត់បង្រៀនសិស្សានុសិស្ស រហូតប្រឡងជាប់បាក់ឌុបជាច្រើននាក់។ លោកបានលើកទឹកចិត្តដល់សិស្សានុសិស្សថា «បើប្អូនៗប្រឹងប្រែងសិក្សារៀនសូត្រកាន់តែច្រើន ប្អូនៗនឹងទទួលបានការងារសមរម្យ និងដឹកនាំអនាគតរបស់ខ្លួន ឆ្ពោះទៅដល់ភាពជោគជ័យ ហើយត្រូវខិតខំថែរក្សាសន្តិភាព ខិតខំកសាងប្រទេសជាតិ ឱ្យមានការអភិវឌ្ឍ រីកចម្រើនទៅមុខទៀត»។  

លោក ប៊ុត ទៀន នាយកវិទ្យាល័យសមរលាវ បានថ្លែងថា «វិទ្យាល័យសមរលាវ មានអគ្គារសិក្សាចំនួន ៤ខ្នង (២១បន្ទប់), មានបុគ្គលិកបង្រៀនចំនួន ២៩នាក់ (ស្រី១២នាក់), មានសិស្សចូលសិក្សាចំនួន ៥៦៧នាក់ (ស្រី៣០៣នាក់) គិតត្រឹមឆ្នាំ២០១៦នេះ។ ក្នុងឆ្នាំសិក្សាឆ្នាំ២០១៥-២០១៦ មានសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន ៤០នាក់ (ស្រី១៧នាក់) ក្នុងចំណោម ៦៩នាក់ (និទ្ទេស B ២នាក់), និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិចំនួន ៦៥នាក់ (ស្រី៣៣នាក់) ក្នុងចំណោម ៧៤នាក់។

អភិបាលស្រុកព្រៃកប្បាស លោក អ៊ិត សាង បានថ្លែងថា អ្វីៗទាំងអស់ដែលប្រជាជនកម្ពុជាទទួលបានដូចសព្វថ្ងៃនេះ បានមកដោយសារការខិតខំកសាងប្រទេសជាតិ ចាប់តាំងពីបាតដៃទទេ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ប្រកបដោយសន្តិភាព ស្ថិរភាពពេញលេញ ព្រមទាំងបាន យកចិត្តទុកដាក់យ៉ាងខ្លាំង លើការអប់រំរបស់សិស្សានុសិស្ស យុវជន ក៏ដូចជាប្រជាពលរដ្ឋនានា ដែលជាសសរទ្រូងរបស់ប្រទេសជាតិ។

លើសពីនេះ លោក ហុង ជឿន ក៏បានអំពាវនាវឱ្យអាណាព្យាបាលសិស្សទាំងអស់ ត្រូវជំរុញ និងបញ្ជូនកូនចៅរបស់ខ្លូន ឱ្យទៅចូលរៀនឱ្យបានគ្រប់គ្នា ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្សកម្ពុជា ឱ្យមានការរីកចម្រើនទៅមុខ។ លោកក៏បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួសរាន់ទៅចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតឱ្យបានគ្រប់គ្នាផងដែរ។

ក្នុងឱកាសដ៏អធឹកអធ័មនោះ ក៏មានការចែកអំណោយជូនដល់មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស ក្នុងឃុំពោធិ៍រំចាកផងដែរ ថែមទាំងមានការដាំដើមឈើមួយចំនួន ទុកជាអនុស្សាវរីយ៍ក្នុងវិទ្យាល័យសមរលាវទៀតផង៕