(កណ្ដាល)៖ បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្រោយជិះម៉ូតូ ក្នុងល្បឿនយ៉ាងលឿន ទៅបុកគូទរថយន្ដ ពេញទំហឹងស្របពេលដែលឃើញកំពុងភ្លៀងខ្លាំង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ តាមបណ្ដាយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣០-៣១ ចំណុចភូមិថ្នល់ទទឺង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ​មុនពេលកើតហេតុ​ មានម៉ូតូមួយគ្រឿងម៉ាក ViVAពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1G-8141 អ្នកបើកបរដោយឈ្មោះ ឈួន ឈឿន អាយុ៣៧ឆ្នាំ មានទីលំនៅ ភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរគ្រូបង្រៀន ដែលបើកបរមកពីទិសខាងកើត ទៅទិសខាងលិច លុះដល់ចំណុចកើតហេតុ បានទៅបុកចំពីក្រោយរថយន្ត១គ្រឿងមិនដឹងម៉ាក (បើករត់គេចខ្លួនបាត់) ក្នុងទិសដៅស្របគ្នា។

ក្រោយពេលកើតហេតុ សពត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕