(ភ្នំពេញ)៖ របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា រយៈពេល២៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ ២៨ ខែតុលា ឆ្នាំ២០១៦ នៅប្រទេសកម្ពុជា មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើង២៤៧លើក ស្លាប់១១១នាក់ និងរបួសធ្ងន់៣០៤នាក់ និងរបួសស្រាល២៩១នាក់។  

របាយការណ៍ដដែលបានឲ្យដឹងទៀតថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់ ក្នុងនោះមានអ្នកស្លាប់ដោយបើកបរម៉ូតូ ជួបគ្រោះថ្នាក់ចំនួន ៨១នាក់ (មិនពាក់មួកសុវត្ថិភាព ៦៧នាក់) ក្រៅពីនោះជួបគ្រោះថ្នាក់ដោយបើកបររថយន្ត ហើយមូលហេតុគ្រោះថ្នាក់ ដោយសារបើកបរក្នុងល្បឿនលឿន ស្រវឹង ប្រជែង មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ បត់គ្រោះថ្នាក់ ងងុយដេក និងកត្តាយានយន្ត។

ដោយឡែកនៅថ្ងៃទី២៨ ខែតុលាម្សិលមិញ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ៦លើក ស្លាប់មនុស្សម្នាក់ រងបួសធ្ងន់១២នាក់ និងរបួសស្រាល៦នាក់៕