(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃទី២៨ខែតុលាឆ្នាំ២០១៦នេះ មុននឹងឈានចូលដល់រដូវបើកនេសាទ លោក លឹម សុគន្ថា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្តាល និងមានការចូលរួម​ពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារងផងដែរ បានដឹកនាំកម្លាំងមន្ត្រីនគរបាល និងអាវុធហត្ថស្រុកកោះធំ ចុះទៅបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រទឹក​ដីស្រុកកោះធំជាប់ព្រំប្រទល់ជា​មួយស្រុក​លើកដែក ស្ថិតនៅក្នុងបឹងតូច និងបឹងធំ ហើយបានរកឃើញថា បទល្មើសនេសាទបានកើតមានឡើង​នៅចំណុចខាងលើច្រើន​ស្អេកស្កះពាសពេញផ្ទៃបឹង ដែលជាប្រភេទស្បៃមុង​សៃយឺនយក្ស​ទាំងខ្សែៗរាប់ពាន់ រាប់មុឺនម៉ែត្រ ដែលបង្កើតឡើងដោយសហគមន៍​នេសាទសណ្ដារ​ការពារ​មច្ឆានៅស្រុកលើកដែក និងអ្នកនេសាទជាជនជាតិវៀតណាម​មួយចំនួនទៀត។ 

ខណៈចុះទៅបង្ក្រាបបទល្មើសខាងលើ ដោយសារតែទីតាំងបទល្មើស​នៅឆ្ងាយត្រូវការជិះ​​កាណូតយូរ​ទម្រាំ​ទៅដល់ ធ្វើឲ្យជនល្មើសភាគច្រើន ដែលមានបណ្ដាញរាយការណ៍​​ឲ្យដឹងមុនបាន​រត់គេចខ្លួន ខ្លះរុះរើវត្ថុ​តាងបទល្មើសចេញ ខ្លះរុះពន្លិចទឹកជាដើម។ ប៉ុន្តែនៅមានវត្ថុតាងបទល្មើសមួយចំនួនទៀតដែលរុះ​រើមិនទាន់នៅបន្សល់​ពេញផ្ទៃទឹកស្ថិតត្រង់​អតីតឡូតិ៍​នេសាទលេខ១១​ត្រង់ចំណុចព្រំប្រទល់​​ស្រុកកោះធំ និងស្រុកលើកដែក។ លោកមេឃុំក្អមសំណ និងមេឃុំសណ្ដារ​ ដែលមានវត្តមាននៅចំណុចទីតាំងបទល្មើស​ដោយចៃដន្យក្រោមហេតុផលការពារ​ឲ្យ​សហគមន៍​នេសាទសន្ដាមច្ឆា​នៅស្រុកលើក​ដែកបានអះអាងប្រាប់ក្រុមចំរុះថាការដាក់ដាយ ដាក់របាំងប្រួល ស្បៃមុងចាប់ត្រីខាងលើបើកម្លាំងរបស់លោក​មិនចាប់ទេ គង់តែត្រី​វាហូរទៅប្រទេសវៀតណាម​អស់ដដែល។ ប៉ុន្តែការឆ្លើយដោះសារខាងលើនេះត្រូវបានលោកព្រះ​រាជអាជ្ញាដែលបានដឹកនាំសមត្ថកិច្ចចុះបង្ក្រាបបទ​ល្មើសឃើញជាក់ស្ដែង​បានចាត់ទុកការលើកឡើងនេះ​ជារឿងមិនសមហេតុផល ព្រោះបើនេសាទ​ត្រឹមត្រូវតាមច្បាប់អនុញាត ប្រើឧបករណ៍​ច្បាប់មិនហាមឃាត់វា​មិនបញ្ហានោះទេ តែនេះពួកគាត់ប្រើឧបករណ៏ល្មើសច្បាប់ដូចជាយកស្បៃមុងធ្វើរបាំងមួយកន្លែងៗរាប់រយរាប់ពាន់ម៉ែត្រ ប្រើលូស្បៃមុង​ដាក់​ចាប់យកកូនត្រីជាដើម។ ចុងក្រោយលោកព្រះរាជអាជ្ញាបាន​បញ្ជាឲ្យ​​​ប្រធានសហគមន៍ ធ្វើកិច្ចសន្យាស្ម័គ្រចិត្តរុះរើស្បៃមុង​នោះ​ចេញដោយខ្លួនឯង​ក្នុងរយៈពេល៥ថ្ងៃ​ឲ្យ​អស់ពីផ្ទៃបឹង ព្រោះជាឧបករណ៍​នេសាទខុសច្បាប់។ 

លោក លឹម សុគន្ថា បានមានប្រ សាសន៍ទៅកាន់ប្រធានសហគមន៍រូបនោះថា ឧបករណ៍នេសាទកំពុង​តែដាក់នេសាទនេះ គឺច្បាប់ហាមឃាត់ជាដាច់​ខាតមិន​ឲ្យប្រើសម្រាប់​ចាប់ត្រីនោះទេ ទោះបីរដូវបិទនេសាទ ឬបើកនេសាទក៏ដោយព្រោះវាជាឧបករណ៍​ម្យ៉ាងបំផ្លាញធនធានមច្ឆជាតិ​ឲ្យវិនាសគ្មាន​សល់ទោះបីត្រីប្រភេទ​ណាក៏ជាប់ ដូច្នេះ បងប្អូនមិនត្រូវនេសាទ​ដោយឧបករណ៍​នេសាទបែបនេះទេ បងប្អូនគួរងាកមកប្រើប្រាស់ឧបករណ៍​នេសាទត្រឹមត្រូវតាមច្បាប់អនុញ្ញាតវិញ។

ដោយឡែកនៅស្រុកកោះធំ លោកបាន​បញ្ជាឲ្យ​ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ដែលដាក់ធ្នោះដាយស្បៃមុង​ យកមកធ្វើការសាក​សួរផងដែរ ពាក់ព័ន្ធនិងការដាក់​ដាយគ្មានច្បាប់នៅ​ចំណុចព្រែក​ដើមគរ ភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល អតីតឡូតិ៍នេសាទលេខ១០។

លោកបានបន្តថា នេះជាលើកដំបូង ហើយដែលលោកបានចុះបង្ក្រាបបទល្មើសនេសាទ​ដោយផ្ទាល់ ហើយចំពោះសហគមន៍គឺត្រូវបានរាជរដ្ឋាភិបាល​ឲ្យ​បង្កើតឡើង​ដើម្បីការពារធន​ធានមច្ឆជាតិ តែបើប្រធាន​សហគមន៍​ទាំងនោះប្រព្រឹត្តខុសច្បាប់ ឃុបឃិតជាមួយក្រុមអ្នកនេសាទខិលខូល គឺយើងត្រូវតែឃាត់និងណែនាំ​តែបើណែនាំរួច មិនអនុវត្តតាមការណែនាំគឺលោក ត្រូវតែអនុវត្តច្បាប់​ដើម្បីឲ្យរៀងចាល់​ និងដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​ ទប់ស្កាត់បទល្មើសនេសាទ​ ការពារធនធានធម្មជាតិដែលច្បាប់ការពារ​ និងដើម្បីការពារពូជត្រីឲ្យ​បានគង់វង្សសម្រាប់​កូនចៅជំនាន់ក្រោយ​ ។​

គួរបញ្ជាក់ថា នៅក្នុងយុទ្ធនាការនោះលោកក៏​បានឲ្យប្រធានសហគមន៍រើសៃយឺនស្បៃមុង នៅចំណុចបឹងតូចនៅចំនុចព្រំប្រទល់​ស្រុកលើកដែកដែលមានរាប់​មុឺនម៉ែត្រ ចោល និងចាក់លែងកូនត្រីល្អិត ដែលជាប់នៅក្នុងស្បៃលូមានទម្ងន់​ប្រមាណជិត​មួយតោន​ចូលទៅក្នុងបឹងធម្មជាតិវិញ​ផងដែរ៕