(ភ្នំពេញ)៖ ទន្ទឹមគ្នានឹងការព្រមានដើរចេញពីគណបក្សសង្រ្គោះជាតិ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលជាមន្រ្តីជាន់ខ្ពស់មួយរូបនៅក្នុងគណបក្សប្រឆាំងនេះ បានអះអាងថា រឿងកញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ រិះគន់លោក សម រង្ស៉ី នាថ្មីៗនេះ គឺជានិម្មិតរូបនៃបញ្ហាផ្ទៃក្នុងរបស់គណបក្សសង្រ្គោះជាតិ។ នេះបើយោងតាមកិច្ចសម្ភាសន៍រវាង Fresh News ជាមួយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នៅល្ងាចថ្ងៃទី២៨​ ខែតុលា ឆ្នាំ២០១៦នេះ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានបន្ទូលយ៉ាងដូច្នេះថា៖ «រឿងដែលកើតឡើងចំពោះកញ្ញា កឹម មនោវិទ្យា និងលោកប្រធាន សម រង្ស៊ី គឺជានិម្មិតរូបនៃបញ្ហា នៅក្នុងគណបក្សសង្រ្គោះជាតិ វាមិនមានអ្វីពាក់ព័ន្ធខ្លាំងទេ ប៉ុន្តែវាជានិម្មិតរូបមួយ..ជាភស្តុតាងមួយ ជាឧទាហរណ៍មួយនៃបញ្ហាកើតឡើង នៅក្នុងគណបក្សសង្រ្គោះជាតិ»

ជាមួយបញ្ហានេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក៏បានប្រកាសព្រមានចាកចេញពីគណបក្សសង្រ្គោះជាតិ ព្រោះតែគណបក្សនេះពោរពេញដោយបក្ខពួកនិយម និងកុហកភូតភរ បោកបញ្ឆោតប្រជារាស្រ្ត ព្រមទាំងធ្វើការគ្មានប្រព័ន្ធត្រឹមត្រូវ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានព្រះបន្ទូលយ៉ាងដូច្នេះថា៖ «ខ្ញុំមិនទាន់សម្រេចចិត្ត (ដើរចេញ)ទេ ប៉ុន្តែភាគច្រើនគឺនឹងទៅអញ្ចឹងហើយ ព្រោះអីខ្ញុំមិនអាចយកព្រះកិត្តិនាម ព្រះកិត្តិយសរបស់រាជវង្សដែលបានបាត់បង់ជីវិត ដើម្បីបុព្វហេតុជាតិ យកមកកំដរការភូតភរ និងបោកបញ្ឆោតប្រជារាស្រ្ត តទៅទៀតបានទេ»

ព្រះអង្គម្ចាស់ បានមានព្រះបន្ទូលបន្ថែមយ៉ាងដូច្នេះថា «សព្វថ្ងៃនេះ គណបក្សសង្រ្គោះជាតិ មិនបានធ្វើការជាប្រព័ន្ធទេ តែជាការធ្វើការជាក្រុម ជាបក្ខពួក អត់មានដើរទៅមុខរួចទេ ម្នាក់នេះថាអញ្ចេះ ម្នាក់នោះថាអញ្ចុះ អត់មានដើរទៅមុខរួចទេ។ ខ្លួនប្រកាសថាខ្លួនឯងបង្រួបបង្រួមជំហរទាំងអស់ ប៉ុន្តែជំហររបៀបម៉េចបើមានតែបក្សពួកមានក្រុម ដូច្នេះវាផ្ទុយគ្នា អាហ្នឹងហើយដែលខ្ញុំថា កុហកភូតភរបោកបញ្ឆោតប្រជារាស្រ្ត»

សូមជំរាបថា កាលពីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់ លោក កឹម សុខា ដែលមានតួនាទីជាអនុប្រធានផ្នែកកិច្ចការ សាធារណៈរបស់គណបក្សសង្រ្គោះជាតិនោះ បានចេញមុខរិះគន់ចំៗចំពោះមេបក្សរបស់ខ្លួន នៅលើបណ្តាញសង្គម ធ្វីតទ័រ (Twitter)។ កញ្ញា មនោវិទ្យា បានរិះគន់ចំពោះ លោក សម រង្ស៊ី ថា រយៈពេល១ឆ្នាំមកហើយ លោក សម រង្ស៊ី អាចប្រកាសជាផ្លូវការនូវការនិរទេសខ្លួន និងមានហេតុផលស្របច្បាប់ ក្នុងស្នាក់នៅបរទេសបន្តទៀត។ កញ្ញាថា ធ្វើបែបនេះលោក សម រង្ស៉ី ក៏ជាអ្នកឈ្នះ ឯគណបក្សប្រជាជនកម្ពុជា ក៏ជាអ្នកឈ្នះ។

កញ្ញា កឹម មនោវិទ្យា បានសរសេរយ៉ាងដូច្នេះថា៖ «វាមានរយៈពេល១ឆ្នាំហើយ ហើយពេលនេះគាត់អាចអះអាងនិរទេសខ្លួនជាផ្លូវការបានហើយ និងមានហេតុផលស្របច្បាប់ ដើម្បីនៅបរទេសបន្តទៀត។ រដ្ឋាភិបាលនឹងហៅស្ថានភាពបែបនេះថា ឈ្នះឈ្នះ គឺគណបក្សប្រជាជនកម្ពុជាក៏ឈ្នះ លោក សម រង្ស៊ី ក៏ឈ្នះ។ រដ្ឋាភិបាលឃាត់ លោក សម រង្ស៊ី ឱ្យនៅបរទេសបានដោយជោគជ័យ តាមរយៈការផ្ដល់លេសមួយ។ លោក សម រង្ស៊ី មានពេល១ឆ្នាំមុននឹង មានបម្រាមនេះ»

កាលពីសប្តាហ៍មុននោះ កូនស្រីរបស់ លោក កឹម សុខា រូបនេះ ក៏បានរិះគន់ប្រធានគណបក្សខ្លួនឯង ដោយមិនខ្លាចរអារ ចំពោះបំណងរបស់លោក ដែលចង់ជាប់ ពន្ធនាគារជំនួស សកម្មជន និងមន្រ្តីគណបក្សសង្រ្គោះជាតិ។ កញ្ញាបានសរសេរនៅលើ Twitter ដោយអមជាមួយអត្ថបទរបស់កាសែតខេមបូឌា ដេលី ស្តីអំពីសំណើសុំដោះដូរអ្នកទោសថា «មានមនុស្សមើលទូរទស្សន៍ ច្រើនណាស់នៅពេលទំនេរ ប្រសិនបើលោកគោរពទស្សនិកជន យ៉ាងហោចណាស់លោកគួរ តែធ្វើឲ្យការ ភូតកុហករបស់លោកមើល ទៅគួរទុកចិត្ត បានផង»