(ភ្នំពេញ)៖ បន្ទាប់ពីបានធ្វើសវនកម្មផ្ទៃក្នុង លើប្រព័ន្ធគ្រប់គ្រងបរិស្ថាន របស់អាជ្ញាធរជាតិអប្សរា រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ លើគ្រប់នាយកដ្ឋាន និងអង្គភាពទាំងអស់ គឺនៅតែបន្តភាពវិជ្ជមាន ដោយពុំមានភាពមិនអនុលោមណាមួយឡើយ ប៉ុន្តែមានចំណុចតាមសង្កេតចំនួន១៣ និងការផ្តល់អនុសាសន៍មួយចំនួន របស់សវនករ ដែលតម្រូវឲ្យនាយកដ្ឋាននីមួយៗ ធ្វើការកែលម្អឡើងវិញ។ នេះបើតាមការលើកឡើងរបស់ លោក សុខ លក្ខិណា ទីប្រឹក្សា អាជ្ញាធរជាតិអប្សរា តំណាងលោក​ ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្លែងក្នុងពិធីបិទសវនកម្មផ្ទៃក្នុង លើប្រព័ន្ធគ្រប់គ្រងបរិស្ថាន ស្របតាមស្តង់ដារISO ១៤០០១​ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ។

លោក ស៊ុ ម៉ាប់ បានបញ្ជាក់ទៀតថា ការធ្វើសវនកម្មលើកនេះ គឺទទួលបានលទ្ធផលល្អប្រសើរ បើធៀបទៅនឹងការធ្វើ សវនកម្មផ្ទៃក្នុងនៅឆ្នាំមុន ដែលមានចំណុចតាមសង្កេតរហូតដល់ចំនួន២៥ ចំពោះការរៀបចំដំណើរការ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន របស់អាជ្ញាធរជាតិអប្សរា និងការរៀបចំឯកសារផ្សេងៗ ប្រចាំនាយកដ្ឋាន និងអង្គភាពនីមួយៗ ក៏មានភាពល្អប្រសើរផងដែរ។

លោកអគ្គនាយកថា «ស្របជាមួយគ្នានេះ យើងសង្កេតឃើញថា លេខាធិការដ្ឋាន អ្នកជំរុញការងារបរិស្ថានប្រចាំនាយកដ្ឋាន អ្នកទទួលខុសត្រូវកម្មវិធីបរិស្ថាន ក៏មានការយល់ដឹងច្រើន និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំដំណើរការ ប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា ស្របតាមចំណុចទាមទារ នៃស្តង់ដារអន្តរជាតិ ISO ១៤០០១ និងបទដ្ឋានបច្ចេកទេសផ្សេងៗ ក្នុងការរៀបចំកម្មវិធីគ្រប់គ្រងបរិស្ថាន»

លោក ក៏បានសង្កត់ធ្ងន់ទៀតថា ការខិតខំរបស់លេខាធិការដ្ឋាន និងអ្នកជំរុញការងារបរិស្ថាន ប្រចាំនាយកដ្ឋាននីមួយៗ នៅមិនទាន់គ្រប់គ្រាន់ ក្នុងការទទួលជោគជ័យនោះទេ គឺទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត  និងការគាំទ្រទៅលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន ពីសំណាក់ថា្នក់ដឹកនាំគ្រប់រូបប្រចំានាយកដ្ឋាននីមួយៗ ហើយចំពោះការទទួលបានវិញ្ញាបនបត្រ ISO ១៤០០១ គឺអាជ្ញាធរជាតិអប្សរាទាំងមូលជាអ្នកទទួលបាន មានន័យថា ការងារស្នូលរបស់អាជ្ញាធរជាតិអប្សរា គឺជាបន្ទុករបស់នាយកដ្ឋាននីមួយៗ ទៅតាមភារកិច្ចរបស់ខ្លួន ហើយសូមយល់ផងដែរថា បើនាយកដ្ឋានណាមួយជួបនូវបញ្ហា ភាពមិនអនុលោមកើតមានឡើងនោះ នឹងមានផលប៉ះពាល់ដល់ ស្ថាប័នអាជ្ញាធរជាតិអប្សរាទាំងមូល ពីព្រោះនេះជាប្រព័ន្ធគ្រប់គ្រងបរិស្ថាន បើមានបញ្ហាអី្វមួយ នឹងប៉ះពាល់ដល់ប្រព័ន្ធទាំងមូល។

ជាចុងក្រោយ លោក ស៊ុ ម៉ាប់ ក៏បានក្រើនរំឭកឲ្យនាយកដ្ឋាននីមួយៗ ធ្វើការកែលម្អឡើងវិញ នូវចំណុចតាមសង្កេតរបស់ខ្លួន ឲ្យស្របតាមគោលការណ៍ និងកម្មវិធីដែលខ្លួនបានកំណត់។ ម្យ៉ាងទៀត លទ្ធផលនៃសវនកម្មផ្ទៃក្នុងនេះ នឹងក្លាយជាគន្លឹះមួយយ៉ាងសំខាន់ ដែលធ្វើឲ្យប្រព័ន្ធគ្រប់គ្រងបរិស្ថាន មានភាពល្អប្រសើរជាងមុន ដើម្បីឈានទៅទទួលជោគជ័យ សម្រាប់ការធ្វើសវនកម្មផ្ទៃក្រៅ ពីស្ថាប័នធានាគុណភាពជប៉ុន(JQA) នៅដើមឆ្នាំ២០១៧ខាងមុខនេះ លើប្រព័ន្ធគ្រប់គ្រងបរិស្ថាន របស់អាជ្ញាធរជាតិអប្សរាទាំងមូល៕