(សៀមរាប)៖ កិច្ចប្រជុំលើកទី៧១ របស់គណៈកម្មាធិការ​អាស៊ាន​ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេក​វិទ្យា​​ កិច្ចប្រជុំក្រៅផ្លូវការ​លើកទី៩ ថ្នាក់រដ្ឋមន្ត្រីអាស៊ាន ​ផ្នែកវិទ្យាសាស្ត្រ​និង​បច្ចេក​វិទ្យា ​​និងកិច្ចប្រជុំពាក់ព័ន្ធ​​ បានដំណើការចាប់ពី ថ្ងៃទី២៤ ដល់ថ្ងៃទី២៩​ ​ខែ​តុលា ​ឆ្នាំ២០១៦​ នៅសណ្ឋាគារ Apsara Palace Resort & Conference Center នៅទីក្រុងសៀមរាប ដែលកម្ពុជាមានកិត្តិយស ទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំដោយ​ក្រសួងឧស្សាហកម្ម និង​សិប្បកម្ម ក្រោមការដឹកនាំផ្ទាល់របស់ លោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្ម និងសិប្បកម្ម​។

នៅក្នុងព្រឹត្តការណ៍ដ៏មានសារសំខាន់នេះ ក៏មានរៀបចំកិច្ចប្រជុំលើកទី៦ របស់ដៃគូពិភាក្សាអាស៊ាន-អាមេរិកផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦​ ​ដឹកនាំ​ដោយលោកបណ្ឌិត ទឹង ស៊ីនី អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាសហប្រធាន និងជាប្រធាន​គណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងអ្នកស្រី Nina Hachigian, ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អាស៊ាន (US ambassador to ASEAN) និងមានការចូលរួមពីប្រធានគណៈ កម្មាធិការជាតិ​ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃបណ្តា ប្រទេសសមាជិកអាស៊ាន និង​ប្រតិភូ​នៃស្ថាប័នពាក់ព័ន្ធ ព្រមទាំងក្រុម​​បេក្ខភាព ASEAN-US Fellows។

​កិច្ចប្រជុំបានធ្វើការពិនិត្យពិភាក្សា ទៅលើចំណុចសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
១-​ បច្ចុប្បន្នភាពនៃការអភិវឌ្ឍ ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងគោលនយោបាយវិទ្យាសាស្រ្ត និងបច្ចេក​វិទ្យារបស់អាស៊ាន ដោយផ្តោតទៅលើផែនការ សកម្មភាពអាស៊ាន ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ ឆ្នាំ២០១៦-២០២៥ (APASTI 2016-2025)
២- គោលនយោបាយ របស់អាមេរិក ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសកម្មភាព ពាក់ព័ន្ធនឹង​កិច្ចសហប្រតិបត្តិការ អាស៊ាន-អាមេរិក
៣- ការពិភាក្សាផ្លាស់ប្តូរយោបល់ ទៅលើកម្មវិធីកិច្ចសហប្រតិបត្តិការ ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា អាស៊ាន-​អាមេរិក ដែលបានបញ្ចប់ និងកំពុងប្រព្រឹត្តទៅ

ក្នុងនោះបានផ្តោត ទៅលើកម្មវិធីបីជាសំខាន់គឺ៖
ក- កម្មវិធី​អាហារូបករណ៍ផ្នែក​វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអាស៊ាន-អាមេរិក
ខ- កម្មវិធីពានរង្វាន់វិទ្យាសាស្រ្ត អាស៊ាន-អាមេរិក សម្រាប់ស្រ្តី
គ- កម្មវិធីប្រកួតប្រជែង ផ្នែកច្នៃប្រឌិតបង្កើតថ្មីនៃគំនិតផ្តួចផ្តើម របស់អ្នកដឹកនាំវ័យក្មេង នៅអាស៊ីអាគ្នេយ៍ (YSEALI)។
ក្នុងកិច្ចប្រជុំនេះ ក៏មានការធ្វើបទបង្ហាញខ្លី ពីគំនិតច្នៃប្រឌិតរបស់អ្នកវិទ្យា​សាស្ត្រវយ័ក្មេង​​ (សកល​វិទ្យា​លយ័)មកពីប្រទេស កម្ពុជា ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី លើប្រធានបទបី​ផ្សេងៗ​ គ្នាដូចជា៖
១.ក្រុមអ្នកវិទ្យាសាស្ត្រ (វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា) ប្រទេសកម្ពុជាបានបង្ហាញ ពីការច្នៃប្រឌិត (CFKs Cam Fermentation Kits) ជាឧបករណ៍សម្រាប់ថែរក្សា ចំណីអាហារជាជ្រក់ (ឧទាហរណ៍ ដាក់​ជ្រក់​ត្រសក់)។​​​​​
២.ក្រុមអ្នកវិទ្យាសាស្ត្រ (សកលវិទ្យាល័យ) ប្រទេសឥណ្ឌូណេស៊ី បានបង្ហាញពីការច្នៃប្រឌិត​ ​​ ​(MINO​ Micro bubble Technology)​​បច្ចេកវិទ្យាក្នុងការបង្កើត ពពុះទឹក ដើម្បីចិញ្ចឹមត្រី (ឧទាហរណ៍ ពពុះទឹកនេះ​ ធ្វើត្រីទីឡាប់យ៉ាលូតលាស់ធំលឿន)  
៣.ក្រុមអ្នកវិទ្យាសាស្ត្រ (សកលវិទ្យាល័យ)ប្រទេសម៉ាឡេស៊ី បានបង្ហាញពីការច្នៃប្រឌិត​ (iSea Forces) ​បច្ចេកវិទ្យា តាមដានជំងឺត្រី ការបន្តពូជរបស់ត្រី....​ដោយប្រើប្រាស់ Smart Phone ។

បន្ទាប់ពីបទបង្ហាញក៏មាន កម្មវិធី សំណួរ-ចម្លើយ ពីអង្គប្រជុំដើម្បី ធ្វើការវាយតម្លៃ កំណត់​ចំណាត់​ថ្នាក់​ជ័យ​លាភី ដែលនឹងត្រូវប្រកាស នៅក្នុងកម្មវិធី​​ប្រគល់ពានរង្វាន់(Award Ceremony)​ ដែល​នឹងប្រព្រឹត្ត​ ទៅ​នៅ​រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦។ ក្រុមអ្នកវិទ្យាសាស្ត្រ និងកម្មវិធីនេះបាន​ការ​ឧបត្ថម្ភដោយ​ USAID និងមូលនិធិអាស៊ាន ។
​អង្គប្រជុំបានឯកភាព នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្របខណ្ឌអាស៊ាន-អាមេរិក ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបញ្រ្ជាបការយល់ដឹង និងលើកកម្ពស់​សមត្ថភាព ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងស្រទាប់យុវជន និងស្រ្តី ដែលជាឆ្អឹងខ្នង និងជា​កម្លាំងដ៏រឹងមាំ សម្រាប់ការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម។
ក្នុងនោះក៏បានឯកភាពថា នឹងលើកជា​ប្រធានបទថ្មីៗទៀត សម្រាប់​ការ​ប្រកួត​ប្រជែងពានរង្វាន់ នៅឆ្នាំក្រោយៗទៀត ​ហើយក៏បានកំណត់នឹងរៀបចំ កិច្ចប្រជុំលើកទី៧ របស់ដៃគូ​ពិភាក្សា​​​អាស៊ាន-អាមេរិក​ ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅក្នុងឆមាសទី២ ឆ្នាំ២០១៧​ ​នៅ​សហភាព​​មីយ៉ានម៉ា។

​ដៃគូពិភាក្សាអាស៊ាន-អាមេរិក ផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា​ ក៏បានកោតសរសើរ​​ និងថ្លែងអំណរ​គុណ​​ ចំពោះក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបានទទួល និងរៀបចំឲ្យកិច្ចប្រជុំ​បានល្អប្រសើរ​ និង​ប្រព្រឹត្ត​ទៅបាន​ដោយជោគជ័យ និង​កោត​សរសើរចំពោះការរីកចម្រើន លើគ្រប់វិស័យ​​របស់កម្ពុជា ក្រោមការ​ ដឹក​នាំរបស់​ ​សម្តេច​​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រនៃកម្ពុជា៕