(ញូដេលី)៖ ឥណ្ឌា និងប៉ាគីស្ថាន នៅថ្ងៃសុក្រនេះបានប្រកាសថាប្រទេសទាំងពីរ និងធ្វើការបណ្តេញមន្រ្តីទូត របស់ភាគីទាំងសងខាងចេញ នៅចំពេលដែលភាពតានតឹងរវាងសត្រូវ នុយក្លេអ៊ែរទាំងពីរនេះពាក់ព័ន្ធនឹង តំបន់ជម្លោះកាស្មៀ បាននិងកំពុងកើនឡើងជាបន្តបន្ទាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០១៦។

ប្រទេសឥណ្ឌាបានអះអាងថាខ្លួននឹងបណ្តេញមន្រ្តីទូតប៉ាគីស្ថានមួយរូបក្នុងទីក្រុងញូដេលី ដែលត្រូវបាន ប៉ូលិសឥណ្ឌាចាប់ឃុំខ្លួនជាបណ្តោះអាសន្ននៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ពីបទសង្ស័យជាប់មានទាក់ទងនឹង ការបង្កើតបណ្តាញចារកម្មដើម្បីស៊ើបយកព័ត៌មាននិងឯកសារសម្ងាត់ផ្សេងៗអំពីប្រតិបត្តិការសន្តិសុខរបស់ប្រទេសឥណ្ឌានៅតាមព្រំដែន។

រីឯនៅយប់ថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសប៉ាគីស្ថានបានប្រកាសថា មន្រ្តីទូតឥណ្ឌាមួយរូបមិនត្រូវបាន ទទួលឲ្យស្នាក់នៅក្នុងប្រទេសប៉ាគីស្ថានទៀតឡើយ ហើយមន្រ្តីរូបនេះមានពេល៤៨ម៉ោង ដើម្បីរៀបចំសម្ភារៈចាកចេញពីប្រទេសនេះដោយសន្តិវិធី។

គួរបញ្ជាក់ថាភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថានបានកើតឡើងបន្ទាប់ពីទាហានឥណ្ឌា១៩នាក់ ត្រូវបាន សម្លាប់ដោយជនសកម្មប្រយុទ្ធ ដែលទីក្រុងញូដេលីចោទថាមកពីប៉ាគីស្ថាន កាលពីខែកញ្ញាកន្លងទៅ។ ការបាញ់បោះគ្នា ក៏បានកើតមានឡើងជារឿយៗផងដែរនៅតាមព្រំដែន រវាងប្រទេសអតីតបងប្អូននឹងគ្នា ទាំងពីរនេះ ដែលបានបណ្តាលឲ្យទាហានទាំងសងខាងស្លាប់ និងរបួសជាច្រើននាក់ផងដែរ៕