(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន​ អភិបាលខេត្តពោធិ៍សាត់​ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ បានបើកប្រកាសតែងតាំង និងសម្រួលសម្រួលភារកិច្ចដល់មន្ត្រីរាជការចំនួន ៥រូប ឱ្យនៅបម្រើការក្នុងមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ និងការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាលក្រុងពោធិ៍សាត់ តាមប្រកាសរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

ពិធីប្រកាសតែងតាំង និងសម្រួលភារកិច្ចនេះ ត្រូវបានប្រារព្ធធ្វើឡើង នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដែលមានការចូលរួមពីតំណាងមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធនានា ជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើននាក់ទៀត។

មន្ត្រីរាជការទាំង ៥រូប ដែលត្រូវប្រកាស និងសម្រួលភារកិច្ចខាងលើ រួមមាន៖
១.លោក ឈ ម៉ៅ ជាអនុប្រធានការិយាល័យរៀចំដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាលក្រុងពោធិ៍សាត់ ជំនួសលោក ហួត សំអាត ដែលទទួលភារកិច្ចថ្មី
២.លោក ហួត សំអាត ជាប្រធានការិយាល័យលំនៅឋាន
៣.លោក ម៉ឹង សុជាតា ​ជាប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម និងសំណង់
៤.លោក ចេង ប៊ុនលេខ ជាអនុប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម និងសំណង់
៥.លោកស្រី រុន រ៉ាវី ពីអនុប្រធានការិយាល័យរដ្ឋបាល ទៅជាអនុប្រធានការិយាល័យលំនៅឋាន៕