(ព្រៃវែង)៖ កម្លាំងនគរបាលខេត្តព្រៃវែង បានតាមទៅចាប់យុវជនម្នាក់ដល់ផ្ទះ នៅស្រុកសីុធរកណ្តាល ពាក់ព័ន្ធនឹងការបង្ហោះវីដេអូ ដាក់បណ្តាសារប្រមាថអាយុជីវិត សម្តេចតេជោ ហ៊ុន សែនតាម Facebook នៅប្រទេសថៃ ទីកន្លែងដែលរូបគេបានទៅធ្វើការនៅទីនោះ។

ការឃាត់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោងជាង១រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ដោយអនុវត្តតាមដីកាបង្គាប់បញ្ជាឲ្យចូលខ្លួនពី លោក សៀង សុខ តំណាងអាយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦។

អភិបាលស្រុកសីុធរកណ្តាលបានបញ្ជាក់នៅលើ Facebook របស់លោកថា យុវជនរូបនេះមាន ឈ្មោះ សាម ភាព រស់នៅភូមិបឹងជ័រ ឃុំព្រៃទទឹង ស្រុកសីុធរកណ្តាល ហើយទើបត្រឡប់មកពីប្រទេសថៃកាលពីប៉ុន្មានថ្ងៃមុននេះ។

មន្រ្តីសមត្ថកិច្ចបានបញ្ជាក់ថា ក្រោយការចាប់ខ្លូន នឹងបាននាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ស្រាប់តែយុវជនរូបនេះ ឆ្លើយយ៉ាងបែបឡូយថា «ចាប់ខ្ញុំនេះ ខ្ញុំដឹងតើ ខ្ញុំមិនមែនរកសីុគ្រឿងញៀនទេ គឺចាប់ជេររដ្ឋាភិបាល»

រហូតមកដល់ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ យុវជនខាងលើត្រូវបាននាំខ្លួនពីស្នងការខេត្តព្រៃវែង មកសួរនាំបន្តនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ដើម្បីបញ្ជូនបន្តទៅកាន់តុលាការចាត់ការបន្តទៀត៕