(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះលើសំណុំរឿង លោកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី ដែលបានធ្វើការនិយាយវាយប្រហារចោទប្រកាន់លើ សម្តេចតេជោ ហ៊ុន សែន រឿងឃាតកម្មសម្លាប់ លោកបណ្ឌិត កែម ឡី។

លោកស្រី ថាក់ ឡានី ត្រូវបាន លោក គី តិច មេធាវីតំណាងសម្តេចតេជោ ហ៊ុន សែន ប្តឹងទាមទារសំណង១០០រៀល ពាក់ព័ន្ធនឹងការអត្ថាធិប្បាយចោទប្រកាន់ថា សម្តេចតេជោ នៅពីក្រោយខ្នងនៃអំពើឃាតកម្មលើ លោកបណ្ឌិត កែម ឡី។ មេធាវីសម្តេចតេជោចាត់ទុកថា ការចោទប្រកាន់នេះធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសសម្តេចតេជោ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ព្រឹទ្ធសភាទាំងមូល បានសម្រេចបោះឆ្នោតឱ្យដកអភ័យឯកសិទ្ធិ លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី ដើម្បីឱ្យតុលាការបន្តនីតិវិធីរបស់ខ្លួនដោយគ្មានការរាំងស្ទះ។ ការបោះឆ្នោតគាំទ្រឱ្យដកអភ័យឯកសិទ្ធិនេះ ធ្វើឡើងដោយមានសមាជិកព្រឹទ្ធសភា៤៦រូប។

ក្រោយមានការដកអភ័យឯកសិទ្ធិនេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបញ្ជូនសំណុំរឿង លោកស្រី ថាក់ ឡានី ទៅជំនុំជម្រះដោយចោទប្រកាន់ពីបទ បរិហាកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម៕