(ភ្នំពេញ)៖ បន្ទាប់ពីបើកសវនាការជំនុំជម្រះ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ តុលាការកំពូល បានសម្រេចថា នឹងប្រកាសសាលដីកាចំពោះបណ្តឹងសារទុក្ខរបស់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ។

សវនាការនេះដឹកនាំដោយ លោក ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល និងលោក អ៊ុក គឹមសិទ្ធិ ជាតំណាងមហាអយ្យការ បន្ទាប់ពីសាលាឧទ្ធរណ៍ បានសម្រេចច្រានចោលបណ្តឹង លោក កឹម សុខា ដែលស្នើឲ្យតុលាការដាក់មោឃភាពនីតិវិធីសម្រាប់សំណុំរឿងរបស់លោក។

លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ឱ្យជាប់ពន្ធនាគារ៥ខែនិងពិន័យជាប្រាក់ ៨សែនរៀល ក្រោមការចោទប្រកាន់ពីបទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ដែលតុលាការចាត់ទុកថា ជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។

ជុំវិញសំណុំរឿងអង្គសេចក្តីនេះ ក្រុមមេធាវីរបស់ លោក កឹម សុខា បានសម្រេចប្តឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍ផងដែរ៕