(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ បានថ្លែងបញ្ជាក់ថា អង្ករប្លាស្ទិកគ្មានឡើយនៅកម្ពុជា ហើយចំពោះការផ្សព្វផ្សាយវិដេអូ និងរូបភាពស្តីពីអង្ករប្លាស្ទិក​ លើទំព័រ Facebook នោះ គឺជាការបំពុលបរិយាកាសសង្គម តែប៉ុណ្ណោះ។

លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលលោកអញ្ជើញ បើកពិព័រណ៍ផលិតផលខ្មែរ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ នៅរសៀលថ្ងៃទី២៧ ខែតុលានេះ។ លោករដ្ឋមន្ត្រីបានថ្លែងថា គ្មានអង្ករប្លាស្ទិកនៅកម្ពុជាឡើយ បើមានសូមបងប្អូនយក មកលក់ឲ្យមន្ត្រីកាំកុងត្រូល ដោយឲ្យតម្លៃ១គុណនឹង៤ឯណោះ។ ឧទាហរណ៍៖ ទិញអង្ករអស់១ពាន់ សង៤ពាន់ដុល្លារ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បញ្ជាក់ថា ចំពោះការបង្ហោះរូបភាព និងវិដេអូ នៃការពិសោធន៍អង្ករដែលអះអាងថា ជាអង្ករប្លាស្ទិក គឺជាការបំពុលបរិយាកាសសង្គមតែប៉ុណ្ណោះ។

សូមជម្រាបថា សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី២៦ ខែតុលាម្សិលមិញ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសថា ដើម្បីធានាកេរ្តិ៍ឈ្មោះអង្ករកម្ពុជា ខ្លួននឹងសហការជាមួយនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម ជំរុញដោះស្រាយបញ្ហា ពាក់ព័ន្ធនឹងអង្ករប្លាស្ទិក តាមផ្លូវច្បាប់ រវាងអ្នកដែលអះអាងអំពីអង្ករប្លាស្ទិក ជាមួយភាគីពាក់ព័ន្ធទាំងអស់ ដោយមានការសហការពីអាជ្ញាធរដែលពាក់ព័ន្ធ ដើម្បីវិនិច្ឆ័យ និងស្វែងរកការទទួលខុសត្រូវ មួយតាមផ្លូវច្បាប់។

ការចេញមុខមកដោះស្រាយ របស់សហព័ន្ធស្រូវអង្ករកម្ពុជា នេះធ្វើឡើងបន្ទាប់ពីក្នុងពេលថ្មីៗនេះ ក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook បង្ហោះជាបន្តបន្ទាប់នូវរូបភាព និងវិដេអូ មួយចំនួនស្តីពីការសង្ស័យ និងក្តីបារម្ភថា ជាអង្ករប្លាស្ទិកតាមរយៈការពិសោធន៍លក្ខណៈផ្ទាល់ខ្លួន ៕