(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទហិង្សាដោយចេតនា ចាក់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់។

លោក ជា​​ ដា មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹង នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះថា​ ជនរងគ្រោះឈ្មោះ ឈិន ខារិន ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានប្ដឹងចោទប្រកាន់ទៅលើឈ្មោះ ឡា ចន្នី ភេទប្រុស អាយុ១៧ឆ្នាំ ពីបទហិង្សាដោយចេតនា (មានស្ថានទម្ងន់ទោស) ដែលប្រព្រឹត្តនៅវេលាម៉ោង២យប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចស្ថានីយ៍ប្រង ផ្លូវដើមពុទ្រា ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកមេបញ្ជាការ បញ្ជាក់ថា ក្រោយឃាត់ខ្លួន កម្លាំងជំនាញរបស់លោក ដកហូតបានកាំបិតស្នៀត១ ដែលជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានប្រើកាំបិតស្នៀតចុងស្រួច ចាក់ទៅលើជនរងគ្រោះពិតប្រាកដមែន។ បច្នុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី​៕