(ភ្នំពេញ)៖ ប្រធានបទវាយប្រហារគ្នាយ៉ាងក្តៅគគុក ! រវាងមន្រ្តីគណបក្សសង្គ្រោះជាតិ និងសកម្មជនគណបក្សសង្គ្រោះជាតិ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស នៅតែបន្តឆ្លើយឆ្លងទៅវិញទៅមក ពេញលើបណ្តាញសង្គមល្បីៗដូចជា Facebook និង Twitter បន្ទាប់ពីកញ្ញា កឹម មនោវិទ្យា ជាកូនស្រីច្បង និងសំណព្វចិត្ត របស់ប្រមុខដឹកនាំស្តីទីគណបក្សសង្គ្រោះជាតិ និងជាស្ត្រីតែម្នាក់គត់នៅក្នុងគណបក្ស ដែលហ៊ាននិយាយការពិតដាក់លោក សម រង្ស៊ី។

ខណៈដែលកញ្ញា កឹម មនោវិទ្យា កំពុងទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយសារការរិះគន់លោក សម រង្ស៊ី នោះ, នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ សកម្មជនគណបក្សសង្គ្រោះជាតិដ៏ល្បាញល្បីមួយរូបឈ្មោះ Chham Chhany (ឈ្មោះលើ Facebook) ដែលគេដឹងថាកំពុងនៅក្រៅប្រទេសនោះ បានហៅកញ្ញា គឹម មនោវិទ្យា ថា «ជាមនុស្សកើតរោគចិត្ត កុំប្រកាន់នាងអី»

លោកបានសរសេរនៅលើ Facebook អមដោយរូបភាពកញ្ញា មនោវិទ្យា ផងនោះ ដោយមានខ្លឹមសារ៖ «សង្ឃឹមថា បងប្អូនមហាគ្រូសារ CNRP មិនប្រកាន់នាងទេ ធ្វើម៉េចបើនាងកើតរោគចិត្ត គឺជៀសមិនផុតពីការនិយាយបែបស្លុយនោះទេ។ ហេតុនេះសូមបងប្អូនកុំប្រកាន់នាងអី ហើយនាំគ្នាដើរទៅគោលដៅរបស់យើងទាំងអស់គ្នាគឺផ្លាស់ប្តូរ»

បន្ទាប់ពីកូនស្រីលោក កឹម សុខា ទទួលរងនូវការវាយប្រហារពីសំណាក់មន្រ្តីកូតាលោក សម រង្ស៊ី នៅថ្ងៃម្សិលមិញទី២៦ ខែតុលានេះ លោក កឹម សុខា បានសរសរនៅលើ Facebook ផ្លូវការរបស់លោកថា «តើបងប្អូនដឹងទេថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ មានអ្វីកើតឡើង? ជាធម្មតា យើងធ្វើដំណើរ កាត់ភ្លៀងតែងតែទទឹកហើយ ក៏ប៉ុន្ដែបើពេលវេលាចាំបាច់តម្រូវឲ្យយើងទៅឲ្យដល់គោលដៅនោះ យើងត្រូវតែធ្វើ! យើងត្រូវតែហ៊ានប្រឈម! យើងមិនត្រូវគេចវេះ ឬខ្លាចរអាឡើយ (No Risk No Change)។ សំខាន់យើងត្រូវស្គាល់ខ្លួនយើង ជឿជាក់លើខ្លួនយើង ថាយើងត្រូវធ្វើដំណើរទៅណា? ដើម្បីអ្វី? ទីបំផុតគេនឹង ទទួលស្គាល់ និងឲ្យតម្លៃយើង ថាយើងបានធ្វើនោះត្រឹមត្រូវ ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរមែន»

ក្នុងស្ថានភាពបែបនេះ តើលោក កឹម សុខា នឹងបណ្តោយឱ្យបក្សប្រឆាំងមួយនេះ បន្តធ្លាក់ក្នុងវិបត្តិខ្វះការដឹកនាំបែបនេះតទៅទៀត!? តើមនុស្សខាងលោក សម រង្ស៊ី អាចគៀងគរគណ:កម្មាធិការវិន័យរបស់បក្ស ដាក់វិន័យលើ កញ្ញា កឹម មនោវិទ្យា បានទេ?