(ភ្នំពេញ)៖ ក្នុងជំនួបជាមួយ ឧបការីការបរទេសអាមេរិក នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ គណបក្សសង្រ្គោះជាតិ បានស្នើឱ្យសហរដ្ឋអាមេរិក ដាក់អ្នកសង្កេតការណ៍អន្តរជាតិឱ្យបានច្រើន ដើម្បីឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា នៅពេលខាងមុខនេះ។ សម្រាប់គណបក្សកាន់អំណាចវិញ ក៏បានស្វាគមន៍ចំពោះអ្នកសង្កេតការអន្តរជាតិដែរ ជាពិសេសបណ្តាប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

សំណើរបស់គណបក្សប្រឆាំង បានធ្វើឡើងនៅក្នុងជំនួបរវាង លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ជាមួយ លោក Daniel Russel ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សាអំពីដំណើរការបោះឆ្នោត និង ការចាប់ខ្លួនសមាជិកគណបក្សប្រឆាំងដាក់ពន្ធនាគារ ហើយគណបក្សប្រឆាំង បានស្នើឱ្យអាមេរិកជួយដាក់អ្នកសង្កេតការណ៍ពីបរទេសឱ្យបានច្រើន។

លោក យ៉ែម បុញ្ញឫទ្ធិ បានថ្លែងថា «យើងបានស្នើសុំឱ្យជួយតាមដានឃ្លាំមើលការបោះឆ្នោត ពាក់ព័ន្ធនឹងបរិយាកាសមុនពេលបោះឆ្នោត គឺបរិយាកាសមុនពេលបោះឆ្នោតនេះត្រូវតែមានឯកឧត្តម សម រង្ស៉ី និងឯកឧត្តម កឹម សុខា លោកអាចបំពេញតួនាទីបានពេញលេញ ក្នុងនាមគណបក្សប្រឆាំង ហើយនៅថ្ងៃបោះឆ្នោត ក៏សុំឱ្យមានអ្នកសង្កេតការណ៍ពីបរទេសចូលរួមឱ្យបានច្រើន ដើម្បីឱ្យការបោះឆ្នោតហ្នឹងអាចទទួលយកបាន»

លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប មិនអាចទំនាក់ទំនងបានទេ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានស្វាគមន៍បើសិនជាអន្តរជាតិដាក់អ្នកសង្កេតការណ៍ច្រើននៅពេលបោះឆ្នោតនៅកម្ពុជា ជាពិសេសសម្រាប់ប្រទេសហត្ថលេខីកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១។

លោកថា «អត់មានបញ្ហាអីទេ យើងស្វាគមន៍ ! យើងស្វាគមន៍មិនមែនត្រឹមតែអាមេរិកទេ គឺថាសហគមន៍អឺរ៉ុប និងបណ្តាប្រទេសពាក់ព័ន្ធនឹងការផ្តល់ជំនួយមកកម្ពុជា ជាពិសេសបណ្តាប្រទេសទាំង១៨ ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស គាត់មានភារកិច្ចដើម្បីនឹងតាមដាន ពិនិត្យ សង្កេតការណ៍ លើការបោះឆ្នោតរបស់យើង»

កម្ពុជាបានរៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត ចំនួន៥លើករួចទៅហើយ ចាប់តាំងពីឆ្នាំ១៩៩៣មក និងបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន៣លើករួចទៅហើយ។ ការបោះឆ្នោត កន្លងទៅនេះ ក៏មានការចូលរួមសង្កេតការណ៍ដោយគណបក្សនយោបាយ សង្គមស៊ីវិល រួមទាំងសហគមន៍អន្តរជាតិគ្រប់អាណត្តិផងដែរ៕