(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ជំរុញឲ្យមន្ដ្រីនៃអង្គភាពនីតិកម្មកសិកម្ម ដែលចំណុះឲ្យក្រសួងកសិកម្ម ត្រូវយកចិត្តទុកដាក់ ចំពោះសកម្មភាពពាណិជ្ជកម្មគ្រប់រូបភាព នៅក្នុងទូទាំងប្រទេស ជាពិសេសខេត្តជាប់ព្រំដែន ដែលមានច្រកនាំចូលគ្រប់ប្រភេទ និងពង្រឹងការត្រួតពិនិត្យដើមគ្រា លើថ្នាំកសិកម្ម ឬជីកសិកម្ម។

លោករដ្ឋមន្ដ្រី បន្ដថា មុននឹងនាំចូលមកផ្គត់ផ្គង់ចែកចាយលើទីផ្សារ ត្រូវត្រួតពិនិត្យលើបរិមាណ នៃគុណភាពផលិតផល ស្លាកសញ្ញាព័ត៌មានភាសាខ្មែរលើសំបកវេចខ្ចប់ និងប្រភពដើមស្របច្បាប់ នៃផលិតផលនាំចូល។

ការលើកឡើង របស់លោករដ្ឋមន្ដ្រី ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលា «ការណែនាំអំពីនីតិវិធី ក្នុងការធ្វើពាណិជ្ជកម្ម ថ្នាំកសិកម្ម និងជីកសិកម្ម» នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ នាទីស្ដីការក្រសួងកសិកម្ម។

លោក វេង សាខុន បញ្ជាក់បន្ថែមថា មន្ដ្រីនៃអង្គភាពនីតិកម្មកសិកម្ម ត្រួវយកចិត្តទុកដាក់ពង្រឹងការត្រួតពិនិត្យលើការនាំចូលថ្នាំកសិកម្ម និងជីកសិកម្ម សម្រាប់ការប្រើប្រាស់ក្រៅគោលបំណងពាណិជ្ជកម្ម ជាពិសេសការប្រើប្រាស់របស់ក្រុមហ៊ុន សម្បទានដីសង្គមកិច្ច និងកសិដ្ឋានកសិឧស្សាហកម្ម ទោះជាកសិដ្ឋានឯកជន ឬរដ្ឋ ក៏ដោយត្រូវជំរុញឲ្យម្ចាស់កសិដ្ឋាន អនុវត្តតាមច្បាប់ និងនីតិវិធីជាធរមាន។

លោករដ្ឋមន្ដ្រី គូសបញ្ជាក់ថា មន្ដ្រីជំនាញ ត្រូវសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដីគ្រប់ថ្នាក់ អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ អង្គភាពប្រដាប់អាវុធ និងស្ថាប័នតុលាការ ដើម្បីពង្រឹងការគ្រប់គ្រង និងការអនុវត្តច្បាប់ចំពោះសកម្មភាព ពាណិជ្ជកម្មសម្ភារកសិកម្ម នៅក្នុងមូលដ្ឋានសាម៉ីប្រកបដោយប្រសិទ្ធិភាព៕