(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មានចូលរួមលំលែកទុក្ខ និងសម្តែងសេចក្តីសោកស្តាយ និងអាណិតអាសូរ ជាមួយក្រុមគ្រួសារ និងញតិមិត្តទាំងអស់ របស់ជនគ្រោះ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយក្រឡាប់រថយន្ត នៅលើផ្លូវជាតិលេខ៦អា សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ។ បន្ថែមពីលើនេះ ក្រសួងការងារ សូមជូនពរដល់អ្នករងរបួសទាំងអស់ ឆាប់ជាសះស្បើយឲ្យបានគ្រប់ៗគ្នា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារបានធ្វើឡើង នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ ជាថ្ងៃដែលមានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកកម្មករប់កបរជៀសម៉ូតូ ម៉ូតូកង់បី និងមនុស្សឆ្លងផ្លូវធ្វើឲ្យក្រឡាប់ រហូតបាន បណ្តាលឲ្យកម្មករ កម្មការិនីចំនួន៧២នាក់ ក្នុងនោះ រងរបួសធ្ងន់ចំនួន៤៣នាក់ និងរងរបួសស្រាលចំនួ២៩នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៦៖៣០នាទីព្រឹក នៅតាមបណ្តាយផ្លូវជាតិលេខ៦A ក្បែរស្ពានទី០៩ ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង ភាគីក្រសួងការងារ បានបញ្ជាក់ឲ្យដឹងថា ក្នុងករណីនេះ ក្រសួងនឹងជួយបន្តដៅស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងក្រុមគ្រួសារទៅតាមគោលដៅរបបសន្តិសុខសង្គម​ របស់បេឡាជាតិរបបសន្តិសុខសង្គម៕