(ភ្នំពេញ)៖ បន្ទាប់ពីនាំយកអំណោយ ទៅចែកជូនប្រជាពលរដ្ឋចំនួន១០០គ្រួសារ នៅសង្កាត់ស្ពានថ្ម កាលពីថ្ងៃម្សិលមិញនោះ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា រួមជាមួយលោកអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ និងក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ បានបន្តនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ តាមបណ្តោយសណ្តរស្ទឹងព្រែកត្នោត ចំនួន១០០គ្រួសារបន្ថែមទៀត ស្ថិតក្នុង ភូមិអញ្ចាញ ភូមិម៉ឺនត្រា និងភូមិគោកឪឡឹក ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។

ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរ តែងយក​ចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរាល់ការលំបាកនានារបស់បងប្អូន ប្រជាពលរដ្ឋទាំងអស់នៅតាមមូលដ្ឋាន និងតែងបានណែនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ដល់​បងប្អូនទាំងអស់ ជាពិ​សេស​បង​ប្អូនដែលជួបការលំបាក គ្រោះមហន្តរាយ គ្រោះធម្មជាតិនៅពេលនេះ។

លោកអភិបាលក៏បានលើកឡើងអំពីការយកចិត្តទុកដាក់របស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ចំពោះបងប្អូនដែលទទួលរងគ្រោះដោយសារទឹកជំនន់ ដែលហូរធ្លាក់តាមបណ្តោយ​ទំនប់សណ្តរ​ស្ទឹងព្រែកត្នោតនេះផងដែរ។

ជាមួយគ្នានេះ លោក នុត ពុធដារ៉ា ក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ឲ្យប្រុងប្រយ័ត្ន ក្នុងរដូវនេះជាពិសេសក្មេងៗតូចៗ កុំឲ្យលេងទឹក ដែលបង្កគ្រោះថ្នាក់ និងត្រូវមានអនាម័យការរស់នៅ ហូបស្អាត ផឹកស្អាត និងការពារពីការយាយីរបស់សត្វអាសិរពិសនានា។

ក្នុងឱកាសនោះផងដែរ លោកអភិបាលខណ្ឌ ក៏បានទទួលទេយ្យវត្ថុពីព្រះគ្រូចៅអធិការវត្តឫស្សីសាញ់ និងវត្តធម្មត្រ័យ រួមមានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងគ្រឿងឧបភោគបរិភោគជាច្រើនមុខទៀត។
លោកអភិបាលបានធ្វើការថ្លែកអំណរព្រះគុណចំពោះព្រះសង្ឃ និងអរគុណដល់សប្បុរសជនទាំងអស់ ដែលបានរួមចំណែកក្នុងការងារមនុស្សធម៌ ក្នុងមូលដ្ឋានខណ្ឌ និងជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់ តាមបណ្តោយសណ្តរស្ទឹងព្រែកត្នោតនេះ។ អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋ នៅក្នុងឱកាសនោះ រួមមាន៖ អង្ករ មី ទឹកត្រី និងទឹកស៊ីវអ៊ីវ៕