(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មនៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ បានបើកសម្ពោធការតាំងពិព័រណ៍ផលិតផលរបស់ខ្មែរ ដោយមានការចូលរួមតាំងបង្ហាញនូវផលិតផលរបស់ខ្មែរជាង ២០០ស្តង់។ ពិធីត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រក្រោម អធិបតីភាព ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងមានការអញ្ជើញចូលរួមពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មផងដែរ។

ការពិព័រណ៍ផលិតខ្មែរនេះត្រូវបានធ្វើឡើងក្នុងឱកាសដាក់ចេញយុទ្ធនាការទិញផលិតផលខ្មែរធ្វើឡើងរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែតុលា ដោយមានការបង្ហាញនូវផលិតផល ដែលផលិតដោយស្នាដៃកូនខ្មែរមានដូចជាសម្លៀកបំពាក់ធ្វើពីក្រមា សូត្រ គ្រឿងភេសជ្ជៈ និងចំណីអាហារផងដែរ។ ក្នុងអំឡុងពេលតាំងពិព័រណ៍នេះ ក៏មានការសម្តែងសិល្បៈពីតារាល្បីៗនៅកម្ពុជា ដូចជាការកញ្ញា មាស សុខសោភា ជាដើម។

លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ពិព័រណ៍ផលិតផលខ្មែរនេះធ្វើឡើងក្នុងបំណងជំរុញចលនាគាំទ្រផលិតផលខ្មែរពីសំណាក់ប្រជាពល រដ្ឋខ្មែរ។ លោករដ្ឋមន្រ្តី បានកត់សម្គាល់ឃើញថា តាមរយៈការតាំងបង្ហាញផលិតផលនាពេលកន្លងមក គឺទទួលបានការគាំទ្រច្រើនពីប្រ ជាពលរដ្ឋខ្មែរ។

បើតាមលោក ប៉ាន សូរស័ក្តិ នៅក្នុងពិព័រណ៍ផលិតផលខ្មែរនៅកោះពេជ្រនេះ ក៏នឹងមានការរៀបចំសិក្ខាសាលាអប់រំដល់ក្រុមអាជីវករ និង ម្ចាស់សហគ្រាស​ នានានូវការពង្រឹងគុណភាពផលិតផលរបស់ខ្មែរផងដែរ។

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងកោតសរសើរផងដែរចំពោះការដាក់ចេញនូវយុទ្ធនាការទិញផលិតផលខ្មែរ។ លោកឧបនាយករដ្ឋមន្រ្តីថា យុទ្ធនាការនេះ គឺជាសំឡេងជួបពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ទាំងឡាយឲ្យងាកមកប្រើប្រាស់ទំនិញក្នុងស្រុក កាត់បន្ថយការនាំចូលទំនិញពីបរទេស ជំរុញការនាំចេញផលិតផលខ្មែរទៅក្រៅប្រទេស រួមចំណែកជួយពង្រឹងសមត្ថភាពផលិត និងបង្កើនការងារធ្វើជូនប្រជាជនក្នុងស្រុក។

លោកឧបនាយករដ្ឋមន្រ្តី បន្តថា យុទ្ធនាការនេះ ក៏នឹងផ្តល់ការយល់ដឹងខ្ពស់ដល់ផលិតផលក្នុងស្រុក ឲ្យផលិតនូវទំនិញមានគុណភាព ខ្ពស់ មានអនាម័យ ធានាសុវត្ថិភាពប្រើប្រាស់ មានសោភ័ណភាពទាក់ទាញ និងមានតម្លៃសមរម្យអាចប្រកួតប្រជែងជាមួយទំនិញនាំចូល។

សូមបញ្ជាក់ថា ការតាំងពិព័រណ៍នេះ បានធ្វើឡើងចំនួន៣ឡើងរួចមកហើយ ដោយលើកទី១ធ្វើនៅសៀមរាប ទី២ ធ្វើនៅខេត្តកំពង់ចាម និងទី៣ ធ្វើនៅខេត្តព្រះសីហនុ៕