(ភ្នំពេញ)៖ បុព្វលាភធានារ៉ាប់រងដុល (ចំណូលការលក់ធានារ៉ាប់រង) នៅរយៈពេល៨ខែដើមឆ្នាំ ឆ្នាំ២០១៦ មានជិត៨០លានដុល្លារ កើនឡើង៤១ភារគយ បើធៀបនឹងឆ្នាំ២០១៥។  

លោក ម៉ី វ៉ាន់ អគ្គនាយក អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុងកម្មវិធីមួយស្តីពី «ការការពារអតិថិជន និង បណ្តាញផ្នែកលក់៖ កំណើននៃការលក់ និងការការពារអតិថិជន» នៅសណ្ឋាគារកាំបូឌីយ៉ាណា នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៦ ថា ក្នុងរយៈពេល៨ខែដើមឆ្នាំ២០១៦ បុព្វលាភធានារ៉ាប់រងដុល នៅលើទីផ្សារធានារ៉ាប់រងទាំងមូលនៅកម្ពុជា មានរហូតទៅដល់៧៩លានដុល្លារអាមេរិក ហើយមានកើនឡើង ៤១ភាគរយ។

លោកបន្ថែមទៀតថា «បញ្ហាដែលប្រឈមក្នុងទីផ្សារឧស្សាហកម្មធានារ៉ាប់រងនៅកម្ពុជា គឺបញ្ហាធនធានមនុស្ស ពោលគឺកង្វះសមត្ថភាពនៃបុគ្គលិកវិជ្ជាជីវៈ ដែលជាតម្រូវការទីផ្សារច្រើន ហើយក៏មិនសូវមានអ្នក ដែលមានចំណេះខាងផ្នែកមួយនេះច្រើនដែរ»

លោក ម៉ី វ៉ាន់ បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះសមាគមធានារ៉ាប់រង ក៏បានពង្រឹងនៅឧស្សាហកម្មមួយនេះ រួមជាមួយនឹងក្រុមហ៊ុន ក៏ដូចជាប្រតិបត្តិករធានារ៉ាប់រងមួយចំនួននៅកម្ពុជា ក៏មានមជ្ឈមណ្ឌលបណ្តុះបណ្តាល ធនធានមនុស្សដែរ ហើយការបង្រៀននេះ គឺមិនគិតថ្លៃឡើយ ដែលទាំងនេះ ជាការលើកទឹកចិត្ត ដល់សិស្សនិស្សិត ដែលបានបញ្ចប់ការសិក្សាអាច មករៀននៅក្នុងវិស័យឧស្សាហកម្មនេះបាន។

លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានបញ្ជាក់ផងដែរថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជា ត្រូវបានគេចាត់ទុកថា នៅមានសភាពក្មេងខ្ចីនៅឡើយ ក៏ប៉ុន្តែមានការរីកចម្រើនលឿន គួរឲ្យកត់សម្គាល់ ស្របទៅតាមសមិទ្ធផល នៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា គឺនៅមានកម្រិតទាបនៅឡើយ។

លោកបន្ថែមទៀតថា ក្នុងការលក់ផលិតផលធានារ៉ាប់រងមួយនៅក្នុងទីផ្សារ ក្រុមហ៊ុនធានារ៉ាប់រងមិនមែនគិតតែបង្ខំ បុគ្គលិកលក់ ឬភ្នាក់ងារធានារ៉ាប់រងរបស់ខ្លួន ឲ្យប្រឹងលក់បានបរិមាណច្រើនប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនគួរគប្បីបណ្តុះបណ្តាលបុគ្គលិកលក់ ឬភ្នាក់ងារធានារ៉ាប់រងទាំងនោះ ឲ្យយល់ច្បាស់ពីផលិតផលធានារ៉ាប់រង ដែលខ្លួនលក់ ដើម្បីធ្វើឲ្យប្រាកដថា ផលិតផលនោះនឹងត្រូវបានលក់ ឲ្យអតិថិជនដែលមានតម្រូវការពិតប្រាកដ ក្នុងការការពារហានិភ័យ ដែលប្រឈមជាក់លាក់ផងដែរ៕