(ភ្នំពេញ)៖ កម្មវិធីបើកកីឡាជាតិ ជាប្រវត្តិសាស្រ្តលើកទី១ ឆ្នាំ២០១៦ នឹងចាប់ផ្តើមសម្ពោធនារសៀលថ្ងៃសុក្រ ទី២៨ ខែតុលាស្អែកនេះហើយនៅពហុកីឡដ្ឋានជាតិ ដែលត្រូវបានរៀបចំបំពាក់ភ្លើង ពណ៌ទំនើប និងបាញ់កាំជ្រួចដូចទៅនឹងការបើកកីឡា SEA Games ផងដែរ ដោយអនុញ្ញាតឲ្យចូលទស្សនាដោយសេរី និងពុំមានលក់សំបុត្រអ្វីឡើយ ជាមួយនឹងកងកម្លាំង ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជិត ៣០០០នាក់។

អ្វីដែលរឹតតែពិសេសថែមទៀតនោះ គឺមានការប្រគំតន្រ្តីខ្នាតយក្សពីសំណាក់តារាងចម្រៀងកំពូលប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ព្រាប សុវត្ថិ កញ្ញា មាស សុខសោភា កញ្ញា ឱក សុគន្ធកញ្ញា និងក្រុមកំប្លែង ព្រហ្មម៉ាញ ថែម ទៀតផង ក្រៅពីកងយោធពលខេមរភូមិន្ទ ត្រៀមបង្ហាញក្បាច់គុនបុរាណល្បុក្កតោ និងហោះឆ័ត្រយោងថែមទៀតនោះ។

ក្នុងពិធីបើកនោះដែរ ក៏មានការអញ្ជើញចូលរួមពីអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីញាំងឲ្យកម្មវិធីអធិកអធមឡើង ថែមទៀតចាប់ផ្តើមពីម៉ោង ៣៖០០នាទីរៀលស្អែកនេះតែម្តង ក្រោមកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលគ្រោងចំណាយរហូតដល់ទៅ ១លានដុល្លារសហរដ្ឋអាមេរិក។

សូមបញ្ជាក់ដែរថា កីឡាចំនួន ១៥ប្រភេទ នឹងត្រូវដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិ National Games លើកទី១ នេះ នៅ២ទីតាំងផ្សេងគ្នា គឺស្តាតអូឡាំពិក ក្នុងរាជធានីភ្នំពេញ និងមណ្ឌលកីឡាហែលទឹកតេជោសែន ខេត្តកំពង់ចាម ក្នុងគោលបំណងពង្រឹងសមត្ថភាពអត្តពលិក ត្រៀមកីឡា SEA Games ដែលកម្ពុជាធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣ខាងមុខ៕