(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានឧត្ថម្ភថវិកា ១០លានរៀលជូនមន្ទីរពេទ្យកុមារអង្គរនៅក្នុងខេត្តសៀមរាប តាមរយៈពិធីបុណ្យបេតិកភណ្ឌ ដើម្បីជួយដល់កុមារកម្ពុជា ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយនេះ។

ការឧបត្ថម្ភថវិកានេះ បានធ្វើឡើងនាល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ម្សិលមិញនេះ តាមរយៈលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខា ធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ដែលអញ្ជើញចូលរួមពិធី «បុណ្យបេតិកភណ្ឌ» នៅសាលមហោស្រពចតុមុខ។

ពិធីបុណ្យបេតិកភណ្ឌ ត្រូវបានរៀបចំឡើងមានរយៈ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែតុលា ឆ្នាំ២០១៦។ ពិធីបុណ្យនេះរៀបចំដោយ «សមាគមមរតកហ្វូណន»  ក្នុងគោលបំណងរំឭកខួប ១៣ឆ្នាំ នៃការដាក់បញ្ចូលរបាំព្រះរាជ្យទ្រព្យ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងខួប ១១ឆ្នាំ នៃការដាក់បញ្ចូលល្ខោនស្បែកធំ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ព្រមទាំងជួយជំរុញឲ្យយុវជនខ្មែរ ជំនាន់ក្រោយ ជួយអភិរក្ស និងអភិវឌ្ឍន៍ វប្បធម៌ អរិយធម៌ខ្មែរឲ្យមានភាពរីកចម្រើនតទៅមុខ និងស្វែងរកមូលនិធិ ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប។

ពិធីបុណ្យធ្វើឡើងក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោកស្រី អឹម សុផា ប្រធានសមាគមមរតកហ្វូណន បានសម្ដែងការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានជួយឧបត្ថម្ភ ដល់មន្ទីរពេទ្យកុមារអង្គរ តាមរយៈពិធីបុណ្យបេតិកភណ្ឌ។ លោកស្រី បានជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ មានសុខភាពល្អ និងជួបប្រទះពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាត៕