(កំពត)៖ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) សាខាខេត្តកំពត នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦នេះ បានរៀបចំសន្និសីទ ជួបជាមួយសិស្សនិស្សិត សាមន:សិស្ស ស្ដីពី «យុវជន អនាគតរបស់ខ្ញុំ ស្ថិតក្នុងកណ្ដាប់ដៃខ្ញុំ» នាសាលប្រជុំ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត។

សន្និសិទនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោក ស្ដើង សុខុម អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) និងអ្នកជំនាញ ដែលកំពុងដឹកនាំគ្រប់គ្រង ក្នុងស្ថាប័នវិស័យឯកជន ធនាគារ ABA និងក្រុមហ៊ុន ឋានសួគ៌បូកគោ ព្រមទាំងមន្ដ្រីពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ។

គោលបំណង នៃអង្គសន្និសីទនេះ គឺផ្ដោតសំខាន់ ក្នុងគោលដៅបង្ហាញ បទពិសោធន៍ គន្លឹះ ដើម្បីតម្រង់ទិសដៅ ដល់សិស្សនិសិ្សត សាមន:សិស្ស ដើម្បីជ្រើសរើស ចាប់យកមុខជំនាញឯកទេស ឲ្យទទួលបានជោគជ័យ និងមានសមត្ថភាពចំណេះដឹងពិតប្រាកដ ស្របទៅតាមនិន្នាការ សកលភាវូបនីយកម្ម នាពេលបច្ចុប្បន្នដែលកំពុងត្រូវការចាំបាច់។    

ក្នុងខ្លឹមសារ នៃបទបង្ហាញ រួមមាន ទី១-គន្លឹះក្នុងការជ្រើសរើសឯកទេសសិក្សា នៅថ្នាក់ ឧត្ដមសិក្សា ឬគោលដៅរបស់មហាវិទ្យាល័យនីមួយៗ ទី២-ឱកាសការងារ ទី៣-គន្លឹះជោគជ័យក្នុងការសិក្សា និងការអភិវឌ្ឍន៍ខ្លួន សម្រាប់យុវជន និងទី៤-ការប្រើប្រាស់ ពេលវេលា ឲ្យមានប្រយោជន៍៕