(ព្រះសីហនុ)៖ លោក ប៉ុល សារឿន ​ប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ បានបញ្ជាក់ថា តំបន់ក្បាលឆាយ ត្រូវអភិរក្សការពារឲ្យបាន មិនឲ្យជនអាណាធិបតេយ្យណាមករុករាន បន្ដទៀតនោះទេ ដើម្បីធានានូវប្រភព ទឹកសាបស្អាតផ្គត់ផ្គង់ខេត្ត ហើយត្រូវប្រុងប្រៀប រៀបចំដើម្បីធ្វើពិធីបុណ្យសមុទ្រ ​នៅពេលខាងមុខ។

ថ្លែងយ៉ាងដូច្នេះ របស់លោក ប៉ុល សារឿន ត្រូវបានឡើងនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦នេះ ក្នុងពិធីបូកសរុបសភាពការណ៍​ និងសកម្មភាពការងារ​គណបក្សប្រជាជន ខេត្ត​​ ប្រចាំខែកញ្ញា​ ឆ្នាំ២០១៦។

ក្នុងឱកាសនោះដែរ លោក ប្រធានក្រុមការងារ ក៏បានផ្ដាំផ្ញើថា ក្រុមការងារទាំងអស់​ ត្រូវ​ខិតខំជំរុញឲ្យប្រជាពលរដ្ឋ ទៅចុះឈ្មោះ ឲ្យបានគ្រប់ចំនួន ដោយ
គិតត្រឹមថ្ងៃទី១៣ ខែតុលានេះ ហើយពេលនេះ ការចុះឈ្មោះបានចំនួន ៧៤,៧៣៣នាក់ លើចំនួនប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោតទាំងអស់ ១៣៦,៥៨០នាក់ ពោលគឺស្មើនឹង ៥៤,៧២ភាគរយ៕