(ភ្នំពេញ)៖ មន្ត្រីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ក្រោមការណែនាំបន្ថែមពីលោក ពេញ ធារម្យ ប្រធានសាខា សហការជាមួយមន្រ្តី មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បានបន្តយុទ្ធនាការចុះត្រួតពិនិត្យទំនិញ នៅផ្សារបឹងកេងកង តាមផ្ទះលក់ទំនិញ ផ្សារទំនើប ហាងលក់ទំនិញ និងនៅតាមផ្សារមួយចំនួនទៀតក្នុងរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ។
មន្រ្តីសាខាកាំកុងត្រូល បានឲ្យដឹងថា គោលបំណងនៃការចុះត្រួតពិនិត្យ និងទប់ស្កាត់ទំនិញ ខូចគុណភាព ក្លែងបន្លំលើកស្លាកសញ្ញា ដែលជនខិលខូចមួយចំនួន បានលួចបញ្ចេញទំនិញមកលក់លើទីផ្សារ និងពង្រឹងការយល់ដឹងអំពីបញ្ហាសុវត្ថិភាពម្ហូបអាហារ ដល់បងប្អូន អាជីវករ និង អ្នកប្រើប្រាស់ប្រតិបត្តិការនេះ ធ្វើឡើងនារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦។

លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានឲ្យដឹងថា មន្ត្រីកាំកុងត្រូលបានធ្វើតេស្តបឋមរកសារធាតុគីមី បូរ៉ាក់ ទៅលើសរសៃគុយទាវតូច សរសៃគុយទាវធំ មីក្រៀម មីស្រស់ ប្រហិតសាច់គោ ប្រហិតសាច់ជ្រូក លតឆា  គ្រឿងសមុទ្រដូចជា មឹកស្រស់ បង្គាស្រស់និងយកគំរូ បន្លែ ផ្លែឈើស្រស់មួយចំនួនទៀតបញ្ចូនទៅមន្ទីរពិសោធ៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីរកសារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ។

លោកអនុប្រធាន ក៏បានអំពាវដល់ក្រុមអាជីវករទាំងអស់ ដែលលក់គ្រឿងបរិភោគស្រល់ៗនឹងក្រៀម មេត្តាជួយពិនិត្យនៅគុណភាពអោយ បានច្បាស់ចាំទិញយកមកលក់បន្តជូនបងប្អូនប្រជាពលរដ្ឋយើងប្រើប្រាស់ ដើម្បីជៀសវាពីបញ្ហាប៉ះពាល់ដល់សុខភាព ដោយសារមាន ជាតិគីមីនៅក្នុងទំនិញ៕