(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសឲ្យដឹងថា សម្តេចតេជោ នឹងអញ្ជើញចូលរួមទស្សនាពិធីប្រណាំងទូកនៅក្រុងតាខ្មៅ នៅថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០១៦នេះ។ខណៈដែលសម្តេចតេជោ នឹងចូលរួមនៅក្នុងពិធីនេះ សម្តេចក៏បាន អំពាវនាវឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជន យុវតី ចូលរួមទស្សនានិងគាំទ្រកីឡាអុំទូក យើង ឲ្យបានច្រើនកុះករទាំងអស់គ្នា នៅថ្ងៃសៅរ៍នេះ និងនៅថ្ងៃអាទិត្យកុំបីខាន។ នេះបើយោងតាមការបង្ហោះឲ្យដឹងនៅលើ Facebook Page ផ្លូវការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្សាយឲ្យដឹងនៅមុននេះបន្តិច។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកម្មវិធីខាងលើនេះ គឺដើម្បីចូលរួមទស្សនាគាំទ្រ និងលើកទឹកចិត្ត ដល់កីឡាករអុំទូក នៅមាត់ទន្លេក្រុងតាខ្មៅ។ ជាការកត់សំគាល់ កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ក៏មានទូកឈ្មោះ «ជ័យសំរោងតេជះ» ចូលរួមប្រណាំងផងដែរ។

នៅលើ Facebook Page ផ្លូវការសម្តេចតេជោដដែលបានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃសៅរ៍ ទី១៥-១៦ ខែតុលានេះ នឹងមានពិធីប្រណាំងទូកនៅមាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សាផង និងដើម្បីជ្រើសរើសទូកដែលជាប់ចំណាត់ថ្នាក់ល្អ​ ដើម្បីត្រៀមចូលរួមប្រកួតប្រណាំង នៅក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នៅ ថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា កម្មវិធីប្រណាំងទូក នៅមាត់ទន្លេក្រុងតាខ្មៅ នាថ្ងៃនេះ គឺចាប់ផ្តើមនៅម៉ោង១៖៣០នាទីរសៀល៕

https://scontent-kul1-1.xx.fbcdn.net/t31.0-8/14753499_1124064134308749_5301414949046505478_o.jpg https://scontent-kul1-1.xx.fbcdn.net/t31.0-8/14692046_1124064030975426_1927167698467276703_o.jpg https://scontent-kul1-1.xx.fbcdn.net/t31.0-8/14692156_1124064040975425_8332022078279544620_o.jpg https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-xap1/t31.0-8/14753668_1124064424308720_4632344498716267528_o.jpg