(ញូយ៉ក)៖ តម្លៃប្រេងបានធ្លាក់ចុះ នៅចំពោះមុខការឡើងថ្លៃនៃលុយដុល្លារ និងការកើនឡើង នូវចំនួនស្ថានីយ៍បូមប្រេងនៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌ចិន ស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០១៦។

កើនឡើងថ្លៃនៃក្រដាសប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក បានធ្វើឲ្យប្រេងដែលបច្ចុប្បន្ន កំពុងត្រូវបាន គ្របដណ្តប់ដោយលុយដុល្លារ ពុំសូវទទួលបានការចាប់អារម្មណ៍ ពីសំណាក់ប្រទេសអ្នកទិញ ប្រេងផ្សេងៗទៀត។ សន្ទទស្សន៍លុយដុល្លារ ប្រៀធៀបទៅនឹងរូបិយវត្ថុធំៗចំនួន ០៦ផ្សេងទៀត បានកើនឡើងអត្រា ០.៣៨ ភាគរយ នៅថ្ងៃសុក្រ សប្តាហ៍នេះ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនចំរាញ់ប្រេងឆៅ Baker Hughes បានរាយការណ៍ថា សហរដ្ឋអាមេរិក បានសាងសង់ស្ថានីយ៍បូមប្រេងចំនួនបួនបន្ថែមទៀត កាលពីសប្តាហ៍មុន ដែលធ្វើឲ្យស្ថានីយ៍បូមប្រេង ដែលត្រូវបានបន្ថែមនៅក្នុងរយៈពេល ១៦សប្តាហ៍ចុងក្រោយនេះ កើនដល់ចំនួន១៥កន្លែង។

គួរបញ្ជាក់ដែរថា ចំនួនសរុបនៃស្ថានីយ៍បូមប្រេង ដែលកំពុងប្រតិបត្តិការនៅលើទឹកដីសហរដ្ឋអាមេរិក មានចំនួន ៤៣២ស្ថានីយ៍ ធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ដែលចំនួន៥៩៥ស្ថានីយ៍៕