(​វ៉ាស៊ីនតោន)៖ ឯកសារជាច្រើនដែលត្រូវបានចុះផ្សាយដោយគេហទំព័រ Wikileaks ​បង្ហាញថាបេក្ខភាព ប្រធាននាធិបតីសហរដ្ឋអាមេរិក នៃគណបក្សប្រជាធិបតេយ្យ លោកស្រី Hillary Clinton កាលនៅជារដ្ឋមន្ត្រីការ បរទេសអាមេរិកលោកស្រីមានបំណងគម្រាមហ៊ុំព័ទ្ធចិន ដោយប្រព័ន្ធខែលការពារមីស៊ីល នៅក្នុងករណី ទីក្រុងប៉េកំាង មិនបញ្ឈប់កម្មវិធីនុយក្លេអ៊ែរបស់កូរ៉េខាងជើងទេនោះ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០១៦។

កាលពីថ្ងៃព្រហស្បតិ៍ Wikileaks បានចេញផ្សាយសារអេឡិចត្រូនិច ឬ Email ភាគទី៦ របស់លោកស្រី Clinton គឺលោក John Podesta  ដោយបង្ហាញពីសុន្ទរកថាមិនផ្លូវមួយចំនួនរបស់លោកស្រី ពាក់ព័ន្ធនឹងបញ្ហាជម្លោះផលប្រយោជន៍ជាមួយទីក្រុងប៉េកំាង នៅអំឡុងពេលកាន់ ដំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិក។

លោកស្រី Clinton បានលើកឡើងកាលពីឆ្នាំ២០១៣ថា  «យើងនឹង ហ៊ុំព័ទ្ធចិនដោយប្រព័ន្ធខែលការពារមីស៊ីលរបស់យើង ហើយយើងនឹងដាក់ពង្រាយនាវាជាច្រើននៅក្នុងតំបន់ នេះ ដូច្នេះឆាប់ទៅ ចិន! អ្នកត្រូវតែបញ្ឈប់កូរ៉េខាងជើង ឬទុកឱ្យយើងធ្វើវាខ្លួនឯង»

គួររំលឹកថា កាលពីខែកញ្ញា ឆ្នាំ២០១៦ លោកស្រី Hillary Clinton​ ក៏ធ្លាប់បានព្រមានចិនតាមរយៈការពង្រឹង ប្រព័ន្ធខែលការពារមីស៊ីលអាមេរិក នៅតំបន់អាស៊ីខាងកើតផងដែរ បើសិនជាទីក្រុងប៉េកំាង មិនដាក់សម្ពាធ ឱ្យ កូរ៉េខាងជើងឱ្យបញ្ឈប់កម្មវិធីនុយក្លែអ៊ែ។ ម្យ៉ាងវិញទៀត បើតាមលោកស្រី ទីក្រុងវ៉ាស៊ីនតោន មានមធ្យោបាយ ដាក់សម្ពាធជាច្រើន ដែលត្រូវប្រើ បើទោះជាចិន រុស្ស៊ី និង កូរ៉េខាងជើង មិនពេញចិត្ត ឬខឹងក៏ដោយចុះ៕