(សេអ៊ូល)៖ ក្រុមហ៊ុន Samsung ​បានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួន​ទំនងជាអាចនឹងខាតបង់ប្រាក់ចំណេញជាង៣ពាន់លានដុល្លារ នៅក្នុងរយៈពេលពីរ ត្រីមាសបន្ទាប់ ដោយសារតែការបញ្ឈប់ការលក់ទូរសព្ទដៃស្មាតហ្វូន Samsung Galaxay Note 7 នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ​នៅល្ងាចថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ ២០១៦។

ជាមួយគ្នានោះ ក្រុមហ៊ុន Samsung ក៏បានព្យាករណ៍ដែរថា ក្រុមហ៊ុនអាចនឹងខាតបង់ប្រាក់ចំណេញសរុបដល់ទៅជាង៥,៣ ពាន់លានដុល្លារ ក្រោយពីបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញថា ខ្លួនបានខាតបង់ប្រាក់ចំណេញ២,៣ពាន់លានដុល្លារ នៅត្រីមាសទី៣នេះ។  

ដោយឡែកបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ Samsung​​ នៅថ្ងៃសុក្រនេះវិញថា ផលប៉ះពាល់អវិជ្ជមានអាចមានពីចន្លោះ ១,៨ ដល់ ២,៦ ពាន់លានដុល្លារ សម្រាប់ត្រីមាសទី៤ ក្នុងឆ្នាំ២០១៦នេះ  ដូច្នេះទើបក្រុមហ៊ុនយក្សកូរ៉េខាងត្បូងមួយនេះ បានសម្រេចចិត្តបង្កើនការលក់ទូរស័ព្ទដៃ ស្មាតហ្វូន Samsung Galaxy S7 ​និង S7 edge​ ដើម្បីទប់ទល់នឹងការខាតបង់។

គួររំលឹកថា ដោយសារបញ្ហា Samsung Galaxay Note 7 បានធ្វើឱ្យភាគហ៊ុនក្រុមហ៊ុន Samsung​​ ធ្លាក់ចុះ អស់៨ភាគរយ នៅសប្ដាហ៍នេះ ហើយបានកើនឡើងវិញត្រឹមតែ០,៦ ភាគរយប៉ុណ្ណោះ នៅម៉ោង ២៖២៨នាទី (ត្រូវនឹងម៉ោងសកល) នៅថ្ងៃសុក្រនេះ៕