(បាងកក)៖ ព្រះបុត្រាស្នងរាជ្យថៃ ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន បានយាងទៅដល់មន្ទីរពេទ្យសិរីរាជ្យហើយ ដើម្បីទទួលយកព្រះសព ព្រះមហាក្សត្រ ទៅកាន់រាជវាំង។ នេះបើតាមសារព័ត៌មានរបស់ថៃ The Nation ចេញផ្សាយនៅមុននេះបន្តិច នារសៀលថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០១៦។

ស្ថានភាពនៅក្នុងទីក្រុងបាងកកនៅពេលនេះ គឺអ្វីៗគ្រប់យ៉ាង ជាពិសេសទូរទស្សន៍គ្រប់ប៉ុស្តិ៍ និង សារព័ត៌មាននានា បានប្រែក្លាយទៅជាពណ៌ ស-ខ្មៅ ហើយប្រជាជនជាច្រើនបាននាំគ្នា ប្រមូលផ្តុំ នៅពីមុខព្រះបរមរាជវាំង ដើម្បីរង់ចាំក្បួនដឹកព្រះសព ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ខណៈដែលព្រះសពនឹងត្រូវបញ្ជូនមកកាន់រាជវាំង និងត្រៀមរៀបចំ ព្រះរាជពិធីបុណ្យសពដ៏ធំ ដែលមានរយៈពេលរហូតដល់៧ថ្ងៃ។

យោងតាមសារព័ត៌មានអន្តរជាតិនានា បានឲ្យដឹងថា ប្រជាជនថៃរាប់ពាន់នាក់ ទាំងចាស់ទាំងក្មេង បានប្រមូលផ្តុំគ្នានៅពីមុខមន្ទីរពេទ្យសិរីរាជ្យ ដោយខ្លះបាន ទ្រហោយំខ្លាំងពេករហូតដល់សន្លប់ នៅក្រោមកម្តៅថ្ងៃ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ហើយខ្លះទៀតបានសម្តែងចេញនូវអារម្មណ៍ខ្លោចផ្សាខ្លាំងបំផុត ដោយមិនអាចទទួលយកបានចំពោះការពិតនេះ៕