(ព្រះសីហនុ)៖ ក្រោយចាប់ជនសង្ស័យប្រុសស្រី២នាក់ និងដកហួតថ្នាំគ្រឿងញៀន ចំនួន៤៩កញ្ចប់ ដែលជាមុខសញ្ញាចែកចាយ ដ៏សកម្មភាពនៅក្រុងព្រះសីហនុនោះ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបន្តប្រតិបត្តិការ ទៅចាប់ខ្លួនមេធំម្នាក់ទៀត ដោយដកហូតថ្នាំ១កញ្ចប់ធំ ព្រមទាំងវត្ថុតាងមួយចំនួនទៀត។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់នៅរសៀលថ្ងៃនេះថា ជនសង្ស័យមានឈ្មោះ អ៊ុ ពិសី អាយុ៣១ឆ្នាំ ដែលត្រូវចាប់នៅក្រុមទី១៧ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ។

សូមបញ្ជាក់ថា នៅយប់មិញកម្លាំងនគរបាលការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង អធិការដ្ឋានក្រុង ព្រះសីហនុ បានបង្ក្រាបជនចែកចាយគ្រឿងញៀន២នាក់ ដកហូតបានថ្នាំញៀន៤៩កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត នៅចំណុចផ្លូវអូរ១ ស្ថិតក្នុងភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ។

លោកវរសេនីយ៍ត្រី សួស សីលា នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹង នៅព្រឹកនេះថា ជនសង្ស័យទាំង២នាក់ ដែលបានឃាត់ខ្លួននេះ ទី១- ឈ្មោះ ណាំ ប៊ុនធឿន ឬ ឆន ប៊ុនធឿន មានស្រុកកំណើតនៅស្រុកព្រៃនប់ និងទី២- ឈ្មោះ សុខ សុវណ្ណដាលីន មុខរបរជានារីខារ៉ាអូខេ មានស្រុកកំណើតនៅ ស្រុកកំពង់សៀម។

លោកវរសេនីយ៍ បន្ថែមថា ក្រោយប្រតិបត្តិការឃាត់ខ្លួន កម្លាំងជំនាញបានធ្វើការដកហូត ថ្នាំញៀនមេតំហ្វេតាមីន ម៉ាទឹកកក៤៩កញ្ចប់ ទូរស័ព្ទ១គ្រឿង ជញ្ជឹងថ្លឹង១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ សម្រាប់ជនសង្ស័យទាំង៣នាក់ បច្ចុប្បន្នកម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕